ភ្នំពេញៈ រថយន្តម៉ាកBMWមួយគ្រឿងដែលបើកដោយជនបរទេសម្នាក់ បានបុកម៉ូតូគប់បណ្តាលឲ្យស្ត្រីចំណាស់ម្នាក់រងរបួសក្បាលហូរឈាម ខណៈដែលម៉ូតូជនរងគ្រោះកំពុងជិះឡើងផ្លូវដោយល្បឿនមធ្យមដូចគ្នា។
ឧបទ្ទវហេតុនេះបានកើតឡើងកាលពីវេលាម៉ោង២ និង៥០នាទី រសៀល ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អកទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកBMW ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2W-5572បើកបរដោយបុរសជនបរទេសម្នាក់តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីកើតទៅលិចក្នុងល្បឿនមធ្យមខណៈមកដល់កន្លែងកើតហេតុក៏វាកជាមួយម៉ូតូម៉ាកគប់ ពណ៌ស្លែចាស់ ពាក់ស្លាកលេខ ភ្នំពេញ1E-4663 ដែលកំពុងជិះដោយស្ត្រីចំណាស់ម្នាក់ចេញពីក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញឡើងផ្លូវសហព័ន្ធរុស្ស៊ីពីជើងទៅត្បូងបានពាក់កណ្តាលផ្លូវ ក៏ត្រូវរថយន្តខាងលើបុកចំទទឹងម៉ូតូបណ្តាលឲ្យដួលរងរបួសក្បាលហូរឈាម រួមទាំងរងរបួសជើងផងដែរ ខណៈឃើញស្ត្រីដួលនិងរងរបួសអ្នកបើករថយន្តខាងលើមិនបានបង្អង់យូឡើយក៏បើកទ្វាររថយន្តចុះមកជួយលើកស្ត្រីរងគ្រោះហើយបានហៅកង់បីឲ្យដឹកស្ត្រីខាងលើទៅមន្ទីពេទ្យភ្លាមផងដែរ។ ហើយដែលទង្វើនេះក៏ធ្វើឲ្យមានការចាប់អារម្មណ៍ពីអ្នកឃើញហេតុការណ៍សរសើរថាសុទ្ធតែជារឿងមិនចង់ឲ្យកើតឡើងដូចគ្នា តែឃើញគាត់ជាជនបរទេសនិងយកចិត្តទុកដាក់ចំពោះជនរងគ្រោះណាស់។
ក្រោយពេលកើតហេតុដោយសារជនរងគ្រោះត្រូវចំណាយពេលយូដើម្បីឲ្យពេទ្យស្គែនមើលរបួសហើយដោយកូនរបស់ជនរងគ្រោះមិនទាន់ទទួលបានលទ្ធផលពិនិត្យម្តាយពីគ្រូពេទ្យភ្លាមៗនៅឡើយ សមត្ថកិច្ចចរាចរណ៍ក៏សម្រេចវាស់វែងរួចយកវត្ថុតាងមានរថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីដោះស្រាយនៅពេលក្រោយ៕
មតិយោបល់