ជប៉ុន៖ ខណៈពេលដែលក្រុមហ៊ុនផលិតរថយន្តមួយចំនួនទើបនឹងចាប់ផ្ដើមបញ្ចូលនូវកម្មវិធី Siri Eyes Free របស់ក្រុមហ៊ុន Apple ចូលទៅក្នុងប្រព័ន្ធរថយន្តរបស់ខ្លួន នៅពេលនេះ ក្រុមហ៊ុន Honda បានផ្ដើមជាទ្រង់ទ្រាយធំតែម្ដង។

នៅក្នុងព្រឹត្តិការណ៍ Apple’s Developer Conference កាលពីខែមិថុនា ក្រុមហ៊ុន Apple បានបង្ហាញកម្មវិធី iOS in the Car សម្រាប់បំពាក់ជាមួយនឹងរថយន្ត ហើយក្រុមហ៊ុន Honda ក៏មិនបានខ្ជះខ្ជាយពេលវេលាផងដែរ ដោយបានចាប់ផ្ដើមធ្វើការបញ្ចូលកម្មវិធីនេះចូលទៅក្នុងរថយន្តរបស់ខ្លួនម៉ូដែល 2014 Civic ដែលនឹងបង្ហាញខ្លួននៅក្នុងខែធ្នូខាងមុខ។
បើយោងតាមការបញ្ជាក់ឲ្យដឹង ក្រុមហ៊ុន Honda បានលេងក្នុងទ្រង់ទ្រាយធំតែម្ដងគឺបានបញ្ចូលកម្មវិធី iOS in the Car ជាមួយនឹងផ្ទាំង Touchscreen យ៉ាងធំដែលអាចចូលទៅកាន់កម្មវិធីផ្សេងៗ ស្វែងរក តន្ត្រី សៀវភៅលេខទូរស័ព្ទ ប្រអប់សំបុត្រ ប្រើសំឡេងក្នុងការបញ្ជា ជាដើម។
តាមការស្ទង់មតិរបស់ ABI Research ដែលចុះផ្សាយកាលពីដើមខែនេះ បានឲ្យដឹងថា នៅក្នុងឆ្នាំ ២០១៨ រថយន្តថ្មីចំនួន ៥០ភាគរយនឹងត្រូវបញ្ចូលនូវកម្មវិធី iOS in the Car ជាស្វ័យប្រវត្ត ព្រោះថាប្រព័ន្ធមួយនេះបានផ្ដល់នូវភាពងាយស្រួល និងអត្ថប្រយោជន៍ជាច្រើនដល់អ្នកបើកបរ៕

មតិយោបល់