ព្រះសីហនុៈ ករណីបាញ់សម្លាប់ស្ត្រីជនជាតិចិន នៅក្រុងព្រះសីហនុ នគរបាលបញ្ជាក់ថា ជនដៃដល់គឺជាជនជាតិចិនមានគ្នា០៣នាក់ ប្រុងចាប់ជនរងគ្រោះចូលរថយន្ត ក៏ផ្ទុះអាវុធបណ្តាលស្ត្រីរងគ្រោះស្លាប់។
ហេតុការណ៍នេះ បានកើតទ្បើងនៅវេលាម៉ោង១១ និង៣០នាទីយប់ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិ០៣ សង្កាត់០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បញ្ជាក់ថា បង្កឡើងដោយក្រុមជនសង្ស័យជនជាតិចិនដូចគ្នា មិនស្គាល់អត្តសញ្ញាណចំនួន០៣នាក់ បានធ្វើសកម្មភាពបាញ់ជនរងគ្រោះ ឈ្មោះ Zhang Dan ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូអ៊េសវី ផ្នែកនាំភ្ញៀវ មានទីលំនៅភូមិ០៣ សង្កាត់០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ខណៈដែលជនរងគ្រោះ និងមិត្តភក្តិប្រុសឈ្មោះ Xiao LiZhi ជនជាតិចិន ដើរចេញពីក្នុងកាស៊ីណូ អ៊េសវី (កន្លែងធ្វើការ) សំដៅទៅកន្លែងហាងលក់ទំនិញមួយកន្លែង ឈ្មោះ គ័រជីអ៊ិហាវ ពេលដើរដល់ចំណុចផ្លូវបត់មួយកន្លែង ជិតដល់ហាងកាហ្វេឈ្មោះ ៨៨១១ ក៏ឃើញមានរថយន្ត១គ្រឿងចតនៅទីនោះ បន្ទាប់មកស្រាប់តែមានជនជាតិចិន០២នាក់ ភេទប្រុស ចុះមកពីលើរថយន្តហើយបម្រុងចាប់អូសជនរងគ្រោះ និងមិត្តប្រុសចូលក្នុងរថយន្ត តែពេលនោះជនរងគ្រោះ បានរើបម្រាស់ ក្រោយមកក៏មានការផ្ទុះអាវុធ បណ្តាលឲ្យត្រូវជនរងគ្រោះភេទស្រី ត្រង់កញ្ចឹងកខាងឆ្វេង សំដៅមកគល់ដោះខាងស្តាំ ធ្វើឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង បន្ទាប់មកក្រុមជនសង្ស័យ ក៏បានជិះរថយន្តរត់គេចខ្លួនបាត់ស្រមោល។
បច្ចុប្បន្នមិត្តប្រុសរបស់ជនរងគ្រោះ កំពុងធ្វើការសួរនាំនៅការិយាល័យ នគរបាលព្រហ្មទណ្ឌ ចំណែកជនសង្ស័យ កម្លាំងជំនាញផែនគរបាលព្រហ្មទណ្ឌ បានសហការជាមួយជំនាញពាក់ព័ន្ធ កំពុងធ្វើការស្រាវជ្រាវយ៉ាងសកម្ម ដើម្បីតាមចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់៕
មតិយោបល់