វៀតណាម: មនុស្សបីនាក់ត្រូវបានតែបាត់ខ្លួននៅថ្ងៃអាទិត្យ ទី០៥ មិថុនានេះ បន្ទាប់ពីទូកដឹកភ្ញៀវទេសចរមួយគ្រឿង បានលិចពីរាត្រីថ្ងៃសៅរ៍ នៅទន្លេ Han River នៅកណ្តាលទីក្រុង Da Nang នៅក្នុងប្រទេសវៀតណាម។
គណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានបញ្ជាក់ថា ក្នុងអំឡុងពេលធ្វើសន្និសីទកាសែតមួយនៅព្រឹកថ្ងៃអាទិត្យនេះថា មានមនុស្ស ៥៦នាក់ បានជិះនៅលើទូកនោះ មុនពេលគ្រោះថ្នាក់នោះបានកើតឡើង។
បើតាមកាសែតអនឡាញប្រចាំនៅទីក្រុង Da Nang បានចេញផ្សាយជាផ្លូវការឲ្យដឹងថា មនុស្សប្រមាណជាង ៥៣នាក់ ត្រូវបានជួយសង្គ្រោះខណៈដែលមនុស្សបីនាក់ផ្សេងទៀតនៅតែបាត់ខ្លួន។ លទ្ធផលនៃការស៊ើបអង្កេតដំបូងបានបង្ហាញថា ទូកនោះមានផ្ទុកមនុស្សលើសចំណុះដែលបានបង្កឱ្យលិចបែបនេះ។
គណៈកម្មាការដដែលនេះ បានផ្អាកសកម្មភាពទាំងអស់ចំពោះទូកទេសចរណ៍នៅទន្លេ Han River ដើម្បីធ្វើការពិនិត្យសុវត្ថិភាពមុននឹងដឹកភ្ញៀវទេចរដើរលេងកំសាន្ត កុំឲ្យមានហានិភ័យកើតឡើងដូចករណីខាងលើនេះ។ គណៈកម្មាធិការនេះ បានស្នើសុំទីភ្នាក់ងារដែលពាក់ព័ន្ធទៅនឹងការរៀបចំដំណើរកំសាន្តទាំងអស់ ត្រូវរឹតបណ្តឹងទូកដឹកភ្ញៀវមុនពេលចេញដំណើរ ដើម្បីកុំឲ្យធ្វើសកម្មភាពដឹកភ្ញៀវលើសចំណុះ។ ការស្វែងរកភ្ញៀវទេសចរដែលបាត់នេះគឺកំពុងតែដំណើរការបន្ត។
សូមបញ្ជាក់ថា ទីក្រុង Da Nang ជាទិសដៅទេសចរណ៍មួយល្បីនៅក្នុងប្រទេសវៀតណាម ដែលស្ថិតនៅចម្ងាយ ៦០០គីឡូម៉ែត្រ ភាគខាងត្បូងនៃរដ្ឋធានីហាណូយ៕
មតិយោបល់