រតនគិរីៈ លុយសុទ្ធ និងគ្រឿងអលង្ការជិត៥ពាន់ដុល្លារ ត្រូវក្រុមចោរអាកាប្រមូលយកទៅគ្មានសល់ ខណៈម្ចាស់ផ្ទះកំពុងគយគន់បាល់ទាត់កម្ពុជា តៃប៉ិ កាលពីល្ងាចមិញ។ ហើយរហូតមកទល់ព្រឹកថ្ងៃទី៨ មិថុនានេះ សមត្ថកិច្ចមិនទាន់កំណត់អត្តសញ្ញាណជនសង្ស័យនៅឡើយទេ។
អភិបាលខេត្តរតនគិរី លោក ថង សាវុន បានឲ្យដឹងថា កាលពីវេលាម៉ោង៨និង៤០នាទីនាទីយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ មានករណីប្លន់ប្រដាប់អាវុធមួយបានកើតឡើង នៅចំណុចអូរទទឹង ជាប់ផ្លូវជាតិលេខ៧៦ ស្ថិតភូមិកាទៀង ឃុំល្បាំង១ ស្រុកលំផាត់។
បើតាមលោកអភិបាលខេត្តបានបង្ហាញរបាយការណ៍ថា ក្នុងករណីនេះ ក្រុមចោរមានគ្នា៤នាក់ប្រដាប់ដោយកាំភ្លើងអាកា១ដើមកាំភ្លើងខ្លី១ដើម និងដែកត្បែង១ បានចូលតាមរបងខាងក្រោយផ្ទះ ធ្វើសកម្មភាពភ្ជង់គំរាម និងបាញ់កាំភ្លើងអាកា១គ្រាប់ត្រូវចំពោះ រួចក្រុមជនសង្ស័យ បានប្រមូលយកលុយ និងគ្រឿងអលង្ការមួយចំនួន ក្នុងនោះលុយដុល្លារ 2110$,លុយខ្មែរ 2.400.000៛ខ្សែដៃ ខ្សែករ ចិញ្ជៀនមាសចំនួន2តម្លឹង និងខ្សែករ កងដៃ ប្លាកទីន ចំនួន2តម្លឹង។
របាយការណ៍បញ្ជាក់ថា ជនរងគ្រោះ ហ៊ វឿត ភេទស្រី អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មានមុខរបរទិញលក់កសិផលតិចតួច និងជនរងគ្រោះទី២ ឈ្មោះស៊ុក សារិន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ(បាញ់ចំពោះ)មានទីលំនៅកន្លែងកើតហេតុខាងលើ។
បើតាមជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា ក្រុមចោរ៤នាក់ ជាមនុស្សវ័យជំទង់ពាក់មួកកាតិប និងម្នាក់មានពាក់ម៉ាស់មុខ។
ក្រោយធ្វើសកម្មភាពរួចក្រុមជនសង្ស័យបានរត់គេចខ្លួនចេញតាមរបងខាងក្រោយផ្ទះបាត់តែម្ដង។
បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យខេត្ត ដើម្បីសង្រ្គោះ និងកម្លាំងជំនាញខេត្តស្រុកកំពុងធ្វើការស្រាវជ្រាវតាមតាមនិតិវិធី។
មេបញ្ជាការរង និងជានាយសេនាធិការខេត្តរតនគិរីលោក ថាវ យ៉េន បានប្រាប់post news នៅព្រឹកថ្ងៃទី៨ មិថុនានេះថា ពេលនេះកម្លាំងសមត្ថកិច្ចទាំងពីរកំពុងរុករក។
បើតាម លោក ថាវ យ៉េន “ស៊យភ្លៀងខ្លាំងយប់មិញ កុំអីយើងចាប់បាន ប៉ុន្តែជនល្មើសយើងមិនទាន់កំណត់ភិនភាគបានទេ ដោយពេលនេះយើងកំពុងរុករក”៕
មតិយោបល់