អ៊ូបេគីស្ថាន: ការគំរាមបំផ្ទុះគ្រាប់បែកលើយន្តហោះអេហ្ស៊ីប EgyptAir ដែលបានចេញដំណើរពីទីក្រុងគែរ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ត្រូវបានគេបង្ហាញថា ជាការបោកបញ្ឆោតតែប៉ុណ្ណោះ ហើយជើងហោះហើរនេះនឹងបន្តដំណើរដដែល បន្ទាប់ពីការចុះចតជាបន្ទាន់ នៅក្នុងប្រទេសអ៊ូបេគីស្ថាន នៅថ្ងៃពុធនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី៨ មិថុនានេះ។
បើតាមជើងហោះហើរអ៊ែរវ៉េអ៊ូបេគីស្ថានបានប្រកាសឲ្យដឹងថា មិនមានការបំផ្ទុះត្រូវបានរកឃើញនោះទេ បន្ទាប់ពីបានត្រួតពិនិត្យអ្នកដំណើរចំនួន ១១៨នាក់និងសមាជិកនាវិកចំនួន ១៧នាក់ត្រូវបានជម្លៀសចេញសម្រាប់ការស្វែងរកនៅលើយន្តហោះអេហ្ស៊ីបនេះ។
យន្តហោះអេហ្ស៊ីប EgyptAir នៅតែជាក្តីព្រួយបារម្ភអំពីបញ្ហាសន្តិសុខដដែល បើទោះបីជាមានគេបោកបញ្ឆោតក៏ដោយនោះ ប៉ុន្តែចាប់តាំងពីមានយន្តហោះអេហ្ស៊ីបដឹកអ្នកដំណើរមួយគ្រឿង ក្នុងចំណោមជាច្រើនគ្រឿង បានធ្លាក់ចូលទៅក្នុងសមុទ្រមេឌីទែរ៉ាណេ កាលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅ ដែលបានបណ្តាលឲ្យមនុស្សស្លាប់ ៦៦នាក់។
សូមជម្រាបថា យោងតាមគេហទំព័រ Sky News ដែលបានចេញផ្សាយកាលថ្ងៃទី០១ មិថុនា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា យន្តហោះអេហ្ស៊ីប EgyptAir 804 ដែលបានធ្លាក់ចូលសមុទ្រមេឌីទែរ៉ាណេ ដែលបណ្តាលឲ្យស្លាប់មនុស្ស ៦៦នាក់ កាលពីខែមុននោះ ឥឡូវនេះរកឃើញប្រអប់ខ្មៅហើយ នេះបើតាមក្រុមស្រាវជ្រាវរបស់បារាំង។ ប៉ុន្តែការស្រាវជ្រាវរកឃើញប្រអប់ខ្មៅនេះ នៅមិនទាន់ត្រូវបានបញ្ជាក់អំពីមូលហេតុច្បាស់លាស់នៅ ឡើយទេ ដូច្នេះក្រុមគ្រួសារជនរងគ្រោះកំពុងតែទន្ទឹងរងចាំលទ្ធផលនោះយ៉ាងអន្ទះសារបំផុត៕
មតិយោបល់