ភ្នំពេញៈ លោកស្រី Catherine Novelli អនុរដ្ឋលេខាធិការទទួលបន្ទុកផ្នែកកំណើនសេដ្ឋកិច្ច ថាមពល និងបរិស្ថាន (ជាមន្រ្តីជាន់ខ្ពស់បំផុតផ្នែកសេដ្ឋកិច្ច នៅក្នុងក្រសួងការបរទេសអាមេរិក) នឹងធ្វើទស្សកិច្ចនៅកម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ស្អែកនេះ។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិក ប្រចាំកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី៩ ខែមិថុនាស្អែក លោកស្រី Catherine Novelli នឹងទៅមើលតំបន់ជម្រកសត្វព្រៃនៅព្រៃឡង់ ហើយជួបជាមួយនឹងក្រុមអនុរក្សព្រៃឈើក្នុងមូលដ្ឋាន ដើម្បីនិយាយពីការអនុវត្តច្បាប់ព្រៃឈើ និងសកម្មភាពដែលមានបំណងកាត់បន្ថយការបរបាញ់សត្វដោយខុសច្បាប់ ការជួញដូរសត្វព្រៃ និងការកាប់ឈើខុសច្បាប់ ដើម្បីបញ្ជាក់ពីការគាំទ្ររបស់សហរដ្ឋអាមេរិក ក្នុងការការពារទីជម្រកសត្វព្រៃ ដែលប្រឈមនឹងការហិនហោចព្រៃឈើ។
នៅថ្ងៃដដែលនេះ លោកស្រី Novelli ក៏នឹងជួបផងដែរជាមួយលោក សុខ ចិន្តាសុភា ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក កឹម ស៊ីថន រដ្ឋមន្រ្តីស្តីទីក្រសួងពាណិជ្ជកម្ម ដើម្បីពិភាក្សាពីបញ្ហានានាផ្នែកវិនិយោគ និងពាណិជ្ជកម្ម។ លោកស្រីអនុរដ្ឋលេខាធិការ នឹងចូលរួមផងដែរ ក្នុងពិធីភោជនាហារពេលល្ងាចជាមួយសហគ្រិនជាស្រ្តី។
នៅថ្ងៃទី១០ ខែមិថុនា អនុរដ្ឋលេខាធិការ រូបនេះ នឹងចូលរួមក្នុងក្រុមពិភាក្សា ដើម្បីគូសបញ្ជាក់ពីនយោបាយ ស្ថាប័ន និងភាពជាដៃគូចាំបាច់សម្រាប់កសាងសេដ្ឋកិច្ច ដែលមានវិស័យចម្រុះច្រើន និងមានភាពជឿនលឿននៅកម្ពុជា។ បន្ទាប់មក លោកស្រីនឹងធ្វើដំណើរទៅខេត្តសៀមរាប ដើម្បីមើលការជួសជុលប្រាសាទភ្នំបាក់ខែង និងប្រាសាទដទៃទៀត ក្រោមជំនួយថវិការបស់សហរដ្ឋអាមេរិក នៅក្នុងសួនឧទ្យានអង្គរ។
គួរជម្រាបថា ដំណើរទស្សនកិច្ចរបស់លោកស្រីអនុរដ្ឋលេខាធិការ Catherine Novelli មកកម្ពុជា ចាប់ពីថ្ងៃស្អែកនេះ គឺធ្វើឡើងបន្ទាប់ពីលោកស្រីបានចេញពីប្រទេសចិន ដែលនៅទីនោះ លោកស្រីបានចូលរួមក្នុងកិច្ចពិភាក្សាលើកទី៨ ផ្នែកសេដ្ឋកិច្ច ជាយុទ្ធសាស្រ្ត រវាងសហរដ្ឋអាមេរិក និងប្រទេសចិន៕


មតិយោបល់