ព័ត៌មានសិល្បៈ និងកម្សាន្ត ព្រឹត្តិការណ៍ សំខាន់ៗ

គ្រាន់តែចង់ល្បី ហេតុអ្វីចាំបាច់បំផ្លាញវប្បធម៌ជាតិ?

(ភ្នំពេញ)៖ ការទទួលបានគាំទ្រពីមហាជន ជាតម្រូវការចម្បងបំផុតរបស់សិល្ប:ករគ្រប់វិស័យ។ 
បងប្អូនសិល្ប:ករភាគច្រើនតែងប្រើប្រាស់ ទេពកោសល្យរបស់ខ្លួន បូករួមនឹងការហាត់ពត់បន្ថែម សំដៅធ្វើយ៉ាងណាកុំឱ្យទស្សនិកជនបន្តគាំទ្រមិនចេះជិនណាយ។ 
ជាក់ស្តែង ដោយការវិវឌ្ឍន៍ជាវិជ្ជមាននៃវិស័យសិល្ប:ខ្មែរនាពេលបច្ចុប្បន្ននេះ តារាចម្រៀងដែលមានទឹកដមសម្លេងពិរោះពីធម្មជាតិហើយនោះក៏នៅមិនទាន់អាចទាក់ទាញចំណាប់អារម្មណ៍របស់អ្នកស្តាប់អ្នកមើលឱ្យបានយូរឡើយ ទើបពួកគេខ្លះត្រូវហាត់រៀនក្បាច់រាំ ឬរៀនធ្វើជាពិធីករ ពិធីការិនី ដើម្បីទទួលបានទាំងការគាំទ្រប្រជាប្រិយភាព និងផ្នែកហិរញ្ញវត្ថុ។ ដោយឡែក គេក៏សង្កេតឃើញថា ព្រោះតែមានបំណងចង់ទទួលបានការគាំទ្រពីអ្នកទស្សនា ក៏មានតារាសំដែង តារាភាពយន្ត មួយចំនួនធំបានងាកមកចាប់យកអាជីពជា ពិធីករ ពិធីការិនី ឬអ្នកចម្រៀង ផងដែរ ការបន្ថែមជំនាញមិនបានប្រាសចាកឆ្ងាយពីវិថីសិល្ប:នេះ បានផ្តល់ឱ្យពួកគាត់ទាំងថវិកា និងភាពពេញនិយមកាន់តែខ្លាំងឡើងៗ។ 
គេអាចនិយាយបានថា ការខិតខំប្រឹងប្រែង ស្វះស្វែងរកការគាំទ្រដោយប្រើប្រាស់ទេពកោសល្យ និងការហាត់រៀនបន្ថែម វាគឺជាការអភិវឌ្ឍន៍វិស័យសិល្ប:ខ្មែរ កេរ្តិ៍ពីដូនតា ប្រកបដោយការច្នៃប្រឌិត ការថែទាំអភិរក្ស និងការលើកស្ទួយឱ្យកាន់តែល្អប្រសើរឡើង ទាំងនៅក្នុងប្រទេស ក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។
ផ្ទុយទៅវិញ ខណ:ដែលសិល្ប:ករល្អៗជាច្រើនបានរីកចម្រើនដោយផ្លូវវិជ្ជមាននោះ ក៏មានសិល្ប:ករមួយចំនួនតូចបានប្រើប្រាស់ទង្វើ ឬសកម្មភាព ក្នុងការប្រមូលភាពពេញនិយម ឬការគាំទ្រពីមហាជនដោយផ្លូវអវិជ្ជមានផងដែរ។ ការថតរូប ឬសំដែងក្នុងឈុតសម្លៀកបំពាក់ សិចស៊ី លិចលើ លិចក្រោម ឬបង្ហាញកេរខ្មាសស្ទើរទាំងស្រុង ត្រូវបានសិល្ប:ករជំនាន់ថ្មីវ័យក្មេង យកមកលេងជាល្បែងទាក់ទាញប្រជាប្រិយភាព។ ទង្វើឆ្គាំឆ្គង ប្រាសចាកពីទម្រង់សិល្ប:ខ្មែរ ដែលជាកេរ្តិ៍ដូនតាដ៏ផូរផង់ មានប្រពៃណីត្រឹមត្រូវ ហើយងាកទៅជាទម្រង់បែបច្ចឹមលោកនោះ ត្រូវបានសិល្ប:កររូបល្អ សម្រស់បាន យកមកប្រើប្រាស់យ៉ាងសកម្មនាពេលចុងក្រោយនេះក្នុងគោលបំណងដណ្តើមយកប្រជាប្រិយភាព និងដំណែងល្អ ក្នុងដួងចិត្តស្រទាប់យុវវ័យ។ ការធ្វើបែបនេះគឺមានទស្សនិកជនខ្លះគាំទ្រ និងទស្សនិកជនខ្លះក៏មិនសូវជាពេញចិត្តដែរ ប៉ុន្តែសិល្ប:ករទាំងនោះមិនបានខ្វល់ពីការមិនពេញចិត្តឡើយ ដោយពួកគាត់យល់ឃើញថា ការស្លៀកពាក់ ឬការសំដែង សំញ៉ែង កេរខ្មាស ក្នុងសម្លៀកបំពាក់សិចស៊ីបែបនេះ ជាសិទ្ធិសេរីភាពរបស់ពួកគាត់ជាតារា ដោយពួកគាត់បានជីកកប់វប្បធម៌ ប្រពៃណីរបស់ខ្មែរ ដែលត្រូវបានពួកគាត់យល់ថា វាជារឿងចាស់គំរិលនោះទៅហើយ។
វាចារ និងអក្ខរា រិះគន់ ស្រាលធ្ងន់ក៏បានបន្លឺឡើងយ៉ាងគង់រំពង ក្រោយពេលដែលរូបភាពសិចស៊ី ស្ទើរអាក្រាតកាយ របស់តារាវ័យក្មេងៗ ជាច្រើនសន្លឹកត្រូវបានផុសឡើងលើផ្ទៃទំព័របណ្តាញសង្គមហ្វេសប៊ុក។ ការបង្ហាញនូវទស្សន:មិនពេញចិត្ត និងការអំពាវនាវឱ្យក្រសួងមានសមត្ថកិច្ចពាក់ព័ន្ធ ចេញមុខទប់ស្កាត់នោះក៏បានលេចចេញជា សេចក្តីណែនាំមួយ ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ដោយតម្រូវឱ្យសិល្ប:ករខ្មែរ និងបណ្តាស្ថាប័នផ្សព្វផ្សាយ បញ្ឈប់ និងទប់ស្កាត់ការស្លៀកពាក់ ឬការសំដែងណាដែលមានផលប៉ះពាល់វប្បធម៌ ប្រពៃណីជាតិ ទំនៀមទម្លាប់ ដ៏ផូរផង់ ជាកេរ្តិ៍ដូនតារបស់ជាតិខ្មែរ។ ក្នុងន័យនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:ពិតជាយល់ថា ទង្វើ របស់សិល្ប:ករមួយចំនួនពិតជាបានធ្វើឱ្យវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ របស់ខ្មែរអាប់អោន និងត្រូវបំផ្លិចបំផ្លាញប្រកដមែន។
ដូច្នេះ គ្រាន់តែចង់ល្បីហេតុអ្វីត្រូវបំផ្លាញវប្បធម៌ជាតិ?

   
    
   

មតិយោបល់