ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលខុសច្បាប់នៅលីប៊ី ប្រកាសអាសន្ន បន្ទាប់ពីរដ្ឋាភិបាលគាំទ្រដោយ UN ប្រកាសចូលស្រុក

(ទ្រីប៉ូលី)៖ រដ្ឋាភិបាលដែលឡើងកាន់អំណាចដោយខ្លួនឯងនៅទីក្រុងទ្រីប៉ូលី បានធ្វើការប្រកាសអាសន្ន នៅទូទាំងប្រទេស បន្ទាប់ពីទទួលបានរបាយការណ៍មកថា សមាជិកនៃរដ្ឋាភិបាលនិរទេស ដែលគាំទ្រដោយ អង្គការសហប្រជាជាតិ (UN) នឹងធ្វើដំណើរមកកាន់រដ្ឋធានីនេះ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរ នៅថ្ងៃសៅរ៍ ទី២៦ ខែមីនា ឆ្នាំ២០១៦។
រដ្ឋាភិបាល ដែលមិនមានការគាំទ្រដោយអន្តរជាតិខាងលើនេះ បានប្រកាសដូច្នេះថា «ការប្រកាសអាសន្ន ក្នុងប្រទេស ត្រូវបានធ្វើឡើងហើយ។ គណរដ្ឋមន្ត្រីរបស់យើង គឺស្របច្បាប់។» លោក Khalifa Ghwel នាយករដ្ឋមន្ត្រីលីប៊ី បាននិយាយទៀតថា លោកបានបញ្ជាឲ្យភ្នាក់ងារសន្តិសុខ និង ក្រុមប្រដាប់អាវុធ ធ្វើការបង្កើន កងកម្លាំងសន្តិសុខនៅតាមប៉ុស្តិ៍ត្រួតពិនិត្យ និង តំបន់យាមល្បាត។
ដោយឡែកលោក Feyez Serraj នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលនិរទេសលីប៊ី ដែលមានមូលដ្ឋាននៅប្រទេស ទុយនីស៊ី និងគាំទ្រដោយ UN នោះបានអះអាងថាក្រុមរបស់លោក នឹងវិលចូលទៅរដ្ឋធានីទ្រីប៉ូលីវិញ នៅរយ:ពេលប៉ុន្មានថ្ងៃទៀត ដែលជាហេតុនាំឲ្យមានការព្រួយបារម្ភផ្នែកសន្តិសុខយ៉ាងខ្លាំង។ បើទោះបីជា មានការសម្របសម្រួលពី UN ក្តី ក៏ភាគីជម្លោះទាំងពីរ មិនទាន់មានការស្រុះស្រួលគ្នាទាំងស្រុងដែរ៕

មតិយោបល់