ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

CDC និង JICA រៀបចំសិក្ខាសាលាស្តីពីការធ្វើអង្កេតលើសំណើសុំហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការជប៉ុន សម្រាប់ឆ្នាំ២០១៧

ភ្នំពេញ: នាព្រឹកថ្ងៃទី០៩ មិថុនា ឆ្នាំ២០១៦ នៅវិមានរដ្ឋាភិបាល គណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជានៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដោយមានកិច្ចសហការជាមួយស្ថានទូតជប៉ុន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានរៀបចំសិក្ខាសាលាស្តីពីការធ្វើអង្កេតលើសំណើសុំហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការជប៉ុន (Japan’s ODA Request Survey Workshop) សម្រាប់ឆ្នាំ២០១៧។

សិក្ខាសាលានេះដឹកនាំដោយលោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងរបស់ ក្រសួងនិងស្ថាប័នពាក់ព័ន្ធ។ ភាគីជប៉ុនដឹកនាំដោយលោក Takahisa TSUGAWA រដ្ឋមន្ត្រីនៃស្ថានទូតជប៉ុន និងលោក Itsu ADACHI ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា អមដោយមន្ត្រីជំនាញនៃស្ថានទូតជប៉ុន និងទីភ្នាក់ងារ JICA។

គោលបំណងនៃសិក្ខាសាលានេះ គឺការបង្កើនការយល់ដឹងអំពីគោលនយោបាយ និងកម្មវិធីផ្តល់ហិរញ្ញប្បទានរបស់ជប៉ុនសម្រាប់តម្រង់ទិសក្នុងការ រៀបចំសំណើគម្រោងរបស់កម្ពុជា ដើម្បីធានាឲ្យមានសង្គតិភាពជាមួយកម្មវិធីផ្តល់ហិរញ្ញប្បទានរបស់រដ្ឋាភិបាលជប៉ុន ក៏ដូចជាអាទិភាពរបស់រាជ រដ្ឋាភិបាល ដូចមានចែងក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៤-២០១៨។

អង្គសិក្ខាសាលាបានផ្តោតលើរបៀបវារៈ ៣ សំខាន់ៗគឺ ទី១.ការផ្តល់ព័ត៌មានអំពីការសម្រេចរបស់រដ្ឋាភិបាលជប៉ុន សម្រាប់អនុវត្តក្នុងឆ្នាំ២០១៦ លើគម្រោងនានាដែលកម្ពុជាបានលើកស្នើ, ទី២.គោលនយោបាយ និងអាទិភាពនៃការផ្តល់ហិរញ្ញប្បទានរបស់រដ្ឋាភិបាលជប៉ុន និងទី៣. កិច្ចដំណើរការ និងបែបបទក្នុងការរៀបចំសំណើរគម្រោងក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងឆ្នាំ២០១៧។

អង្គសិក្ខាសាលាបានដំណើរការ និងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កាក្នុងគោលដៅបន្តពង្រឹងភាពជាដៃគូក្នុងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ តាមរយៈការពិភាក្សាផ្លាស់ប្តូរយោបល់ និងការបកស្រាយបំភ្លឺពីសំណាក់ភាគីពាក់ព័ន្ធសម្រាប់រៀបចំសំណើគម្រោងក្នុងក្របខ័ណ្ឌ ហិរញ្ញប្បទានឥតសំណង។

ប្រទេសជប៉ុន គឺជាដៃគូដ៏សំខាន់ដែលបានផ្តល់ហិរញ្ញប្បទានជាច្រើន សម្រាប់ចូលរួមស្តារនិងអភិវឌ្ឍកម្ពុជា។ ចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១៥ ជប៉ុនបានផ្តល់ហិរញ្ញប្បទានប្រមាណជាង ២ ៦២០លានដុល្លារអាមេរិក ស្មើនឹងជិត ១៥ភាគរយនៃហិរញ្ញប្បទានរបស់ដៃគូអភិវឌ្ឍន៍ទាំងអស់។ ក្នុងឆ្នាំ២០១៥ ជប៉ុនបានផ្តល់ហិរញ្ញប្បទានចំនួន ១៣៥លានដុល្លារអាមេរិក ក្នុងនោះ ហិរញ្ញប្បទានឥតសំណងចំនួន ៩៩លានដុល្លារ និងកម្ចីសម្បទានចំនួន ៣៦លានដុល្លារ ហើយក្នុងឆ្នាំ២០១៦ ហិរញ្ញប្បទានអាចមានទំហំប្រហាក់ប្រហែលនឹងឆ្នាំ២០១៥ ដែរ។ ហិរញ្ញប្បទានទាំងនេះត្រូវបានប្រើប្រាស់សម្រាប់គាំទ្រដល់វិស័យអាទិភាព ៣ នៃកចិ្ចសហប្រតិបត្តិការ គឺ ការពង្រឹងមូលដ្ឋានសេដ្ឋកិច្ច, ការអភិវឌ្ឍវិស័យសង្គមកចិ្ច និងការពង្រឹងអភិបាលកិច្ច។

ក្នុងការពង្រឹងមូលដ្ឋានសេដ្ឋកិច្ច ជប៉ុនបានចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាច្រើន។ ក្នុងនោះ រួមមានគម្រោងស្តារឡើងវិញស្ពានជ្រោចង្វារ គម្រោងធ្វើឲ្យប្រសើរឡើងវិញផ្លូវជាតិលេខ៥ ព្រែកក្តាម-ធ្លាម្អម និងគម្រោងស្តារឡើងវិញសម្ភារៈសម្រាប់សកម្មភាពដោះមីន ជំហានទី៧ ជាដើម។ ទាំងនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញារបស់ជប៉ុនក្នុងការបន្តកិច្ចសហប្រតិបត្តិការ ទោះបីកម្ពុជាកំពុងឈានឡើងពីចំណាត់ថ្នាក់នៃប្រទេសមានចំណូល ទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបក៏ដោយ៕

qq rrr ttt

មតិយោបល់