ព័ត៌មានអន្តរជាតិ

តៃវ៉ាន់ បន្ថែមនាវាចម្បាំងថ្មីពីរគ្រឿង សម្រាប់កងទ័ពជើងទឹកខ្លួន ចំពេលមានភាពតានតឹងកើនឡើង ជាមួយចិន

តៃវ៉ាន់ៈ ប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី តៃ អ៊ីងវ៉េន បានប្ដេជ្ញានៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលកោះ នឹងមិនអាចនៅស្ងៀម ហើយមិនធ្វើការការពារខ្លួននោះទេ ដោយលោកស្រី បានបញ្ជាក់ថា នឹងបន្ថែមនាវាចម្បាំងពីរគ្រឿងទៀត សម្រាប់កងទ័ពជើងទឹក ដែលបានទិញពីអាមេរិក ដើម្បីបង្កើនសមត្ថភាពយោធា ប្រឆាំងនឹងប្រទេសចិន។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨។

ដោយលោកស្រី បាននិយាយថា គូប្រជែងចិន បានបង្កើនសមយុទ្ធយោធា រួមទាំងការធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅច្រកសមុទ្រកោះតៃវ៉ាន់ កាលពីខែមេសាកន្លងទៅ ដើម្បីប្រកាសពីឆន្ទៈរបស់ពួកគេ ក្នុងការប្រឈមនឹងកងកម្លាំងឯករាជ្យរបស់តៃវ៉ាន់។

ក្រុងប៉េកាំងនៅតែបន្តអះអាងថា កោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯង ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ដែលកំពុងរង់ចាំការបង្រួបបង្រួមឡើងវិញ ដោយកម្លាំង ប្រសិនបើចាំបាច់ ទោះបីជាភាគីទាំងពីរ ត្រូវបានគ្រប់គ្រងដោយឡែកពីគ្នា តាំងពីឆ្នាំ ១៩៤៩ បន្ទាប់ពីសង្គ្រាមស៊ីវិលក៏ដោយ។

ប្រទេសចិន បានខឹងសម្បារយ៉ាងខ្លាំង ចំពោះទំនាក់ទំនងនាពេលថ្មីៗនេះ រវាងក្រុងវ៉ាស៊ីនតោន និងតៃប៉ិ រួមទាំងការអនុម័តរបស់ក្រសួងការបរទេសអាមេរិក លើអាជ្ញាប័ណ្ណបឋម ដើម្បីលក់បច្ចេកវិទ្យានាវាមុជទឹក ទៅឲ្យកោះមួយនេះផងដែរ៕

មតិយោបល់