បាត់ដំបងៈ ក្រុមជនមិនស្គាល់មុខ បំពុលសត្វសុនខមួយក្បាល ឲ្យងាប់ស្តូកស្តឹង ចូលលួចយកទ្រព្យសម្បត្តិអ្នកភូមិដោយសុវត្ថិភាព មិនរំខានដល់សមត្ថកិច្ច កាលពីវេលាម៉ោងប្រមាណ ១និង៤០នាទី រំលងអាធ្រាត្រ ឈានចូលយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ ត្រង់ចំនុចភូមិកោះថ្កូវ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ម្ចាស់ផ្ទះជនរងគ្រោះ ឈ្មោះ និត ម៉ាប់ ភេទប្រុស អាយុ៣៥ឆ្នាំ បានរៀបរាប់ថា កាលពីព្រលប់មុនពេលកើតហេតុ គឺខ្លួនបានជិះម៉ូតូម៉ាកវេវអាល់ហ្វា ធុនសេ១០០ ពណ៌ខ្មៅ គ្មានស្លាកលេខ។
ដោយបានយកមកបញ្ឈរ ក្បែរ នឹងគ្រែ ដែលខ្លួនធ្លាប់ដេករាល់យប់ នៅខាងក្រោមផ្ទះ ហើយក៏ភ្លេចមិនបានដកកូនសោរបញ្ឆេះទុកឡើយ។ លុះនៅពេលរំលងអាធ្រាត្រ ពេលដែលខ្លួនភ្ញាក់ពីដំណេក ក៏ស្រាប់តែមានការស្លន់ស្លោដោយសារតែម៉ូតូដែលខ្លួនដាក់ក្បែរកន្លែងដេកនោះបានបាត់ទៅហើយ ម្យ៉ាងទៀត សុកខមួយក្បាលដែលខ្លួនចិញ្ចឹមក៏ត្រូវងាប់ដែរ ដែលទំនងជាមានការដាក់ចំណីបំពុលវាពីសំណាក់ក្រុមចោរទាំងនេះ ។
បន្ទាប់ពីសមត្ថកិច្ចបានចុះទៅត្រួតពិនិត្យដល់ទីកន្លែងកើតហេតុ ព្រមទាំងបានធ្វើការ សន្និដ្ឋានថា សុនខមួយក្បាល ដែលងាប់ ពិតជាមានអាការៈ ពុលចំណីមែន ប៉ុន្តែសមត្ថកិច្ច មិនអស់ចិត្តត្រង់ចំនុចដែលម្ចាស់បានលើកឡើងថា លុយនៅក្នុងកែបម៉ូតូ ដែលបានបាត់បង់ទៅជាមួយនឹងម៉ូតូនោះ គឺមានចំនួន ៥លាន ៨សែនរៀលឯណោះ។
ចំពោះបញ្ហានេះ គឺក៏មានប្រភពជាច្រើនបានលើកឡើងជាសំណួរថា បើមានលុយច្រើនម្លឹងៗ ហេតុអ្វី បានជាយកមកទុកនៅក្នុងកែបម៉ូតូ ដោយមិនបានដកសោម៉ូតូទុកទៀត វាគឺជាការធ្វេសប្រហែសយ៉ាងខ្លាំងជាទីបំផុត ដោយបច្ចុប្បន្នសមត្ថកិច្ចទាំងពីរស្ថាប័ន កំពុងតាមស្រាវជ្រាវលើបញ្ហានេះ៕
មតិយោបល់