ស្វាយរៀងៈ គូស្នេហ៍វ័យចំណាស់១គូបានលួចសាហាយស្មន់គ្នាជាយូរមកហើយ លុះដល់ថ្ងៃចុងក្រោយពួកគេបាននាំគ្នាទៅរួមរ័កនៅកណ្ដាលវាលស្រែយ៉ាងត្រេកត្រអាល ហើយត្រូវបានបុរសជាប្ដីតាមទាន់ឃើញប្រពន្ធកំពុងតែរួមរ័កជាមួយប្រុសសាហាយ ធ្វើឲ្យទប់កំហឹងមិនបាន ក៏ស្រុះទៅចាប់បុរសនោះវាយរហូតដល់ស្លាប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៥០នាទីយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចភូមិបឹងក្រៀល ឃុំអង្គតាសូស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។
សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកស្វាយជ្រុំបានឲ្យ Post News ដឹងថា អំពើឃាតកម្មនេះបង្កឡើងដោយជនសង្ស័យឈ្មោះ ងួន សាខន ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរធ្វើស្រែរស់នៅភូមិកើតហេតុខាងលើ។ រីឯជនរងគ្រោះដែលជាសាហាយស្មន់នោះមានឈ្មោះ ម៉ូវ ខេង ភេទប្រុស អាយុ៥៣ឆ្នាំមុខរបរធ្វើស្រែរស់នៅភូមិឃុំជាមួយគ្នា។ ចំណែកប្រពន្ធជនសង្ស័យឈ្មោះ ខៀវ ភាន់ អាយុ៤៣ឆ្នាំ ។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីឈានទៅដល់ការសម្លាប់មនុស្សបែបនេះ មូលហេតុដោយសារជនរងគ្រោះលួចមានសាហាយស្មន់ជាមួយប្រពន្ធរបស់ជនសង្ស័យជាយូរថ្ងៃខែមកហើយ ពេលជនសង្ស័យតាមទាន់ ខណៈកំពុងតែរួមរ័កគ្នាជាមួយប្រពន្ធរបស់ខ្លួនយ៉ាងត្រេកត្រអាលនៅចំពោះមុខ នៅវាលស្រែបែបនេះ បានធ្វើឲ្យបុរសជាប្តី ដែលជាជនសង្ស័យបានវាយទៅលើបុរសជាសាហាយដែលជាជនរងគ្រោះ និងបានចាប់ក្បាលជនរងគ្រោះបោកទៅនិងដី ហើយជាន់.កថែមទៀតផង ធ្វើឲ្យជនរងគ្រោះស្រែកឲ្យគេជួយ ផ្អើលដល់ពលរដ្នក្នុងភូមិ នាំគ្នារត់ទៅមើល ឃើញបុរសរងគ្រោះដេកស្តូកស្តឹងបាត់ទៅហើយ រួចក៏នាំគ្នាលើកជនរងគ្រោះដាក់រថយន្តដឹកយកទៅសង្គ្រោះបន្ទាន់ តែជាអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់តាមផ្លូវបាត់ទៅហើយ។ នៅគ្រានោះដែរទាំងជនដៃដល់ និងប្រពន្ធរបស់ខ្លួនមិនបានរត់គេចទៅណាទេ ហើយសមត្ថកិច្ចចាប់ខ្លួនបុរសដៃដល់នៅទីនោះតែម្តងរួមទាំងនាំស្ត្រីជាសាហាយស្មន់នឹងជនរងគ្រោះយកទៅសាកសួរនៅអធិការនគរបាលស្រុក។
ចំណែកសាកសពសមត្ថិកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី រីឯជនសង្ស័យត្រូវបានសមត្ថិកិច្ចឃាត់ខ្លួននៅអធិការនគរបាលស្រុកស្វាយជ្រុំ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់