ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត ព្រឹត្តិការណ៍ សំខាន់ៗ

ជាង១០ឆ្នាំ សុវណ្ណ មុន្នី-នារី រ័ត្នគន្ធា ទើបបានជួបគ្នា

ភ្នំពេញៈ ចាត់ទុកជារឿងភ្ញាក់ផ្អើល ដែលតារាល្បីឈ្មោះជើងចាស់២ដួង គឺលោក សុវណ្ណ មុន្នី និងអ្នកនាង នារី រ័ត្នគន្ធា ដែលគេដឹងយូរមកហើយថា សុទ្ធតែជាអ្នករស់នៅសហរដ្ឋអាមេរិក និងជាដៃគូសម្ដែងជាមួយគ្នារាប់មិនអស់មិនដែលបានជួបគ្នាសោះ អស់រយៈពេលជាង១០ឆ្នាំ។ អ្នកទាំងពីរ ទើបតែបានជួបគ្នាដោយចៃដន្យ កាលពីថ្ងៃអាទិត្យទី១២ ខែមិថុនាម្សិលមិញ (ម៉ោងនៅកម្ពុជា)ប៉ុណ្ណោះ ក្នុងពេលដែលទៅធ្វើបុណ្យធំមួយនៅវត្តខ្មែរ ក្នុងរដ្ឋតិចសាស ដែលមានបងប្អូនខ្មែរ យ៉ាងច្រើនកុះករចូលរួម។

នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់លោក សុវណ្ណ មុន្នី ដែលជាតារាសម្ដែងជើងចាស់ល្បីឈ្មោះ លោកបានបង្ហោះថា «សំណាងល្អណាស់ថ្ងៃនេះ បានជួបដៃគូសង្សារចាស់សំដែងក្នុងរឿងជាច្រើនជាមួយគ្នា! នារី រ័តគុន្ធា បានបែកគ្នាជាង១០ហើយ ទើបបានជួបនៅវត្តតិចសាសនេះ ហើយក៏បានធ្វើបុណ្យជាមួយគ្នាទៅ សូមទទួលមគ្គផលកុសលផលបុណ្យទាំងអស់គ្នាណា សាធុសាធុសាធុ»។ តាមរយៈការបង្ហោះ បានបញ្ជាក់យ៉ាងច្បាស់ថា លោក និងអ្នកនាង នារី រ័ត្នគន្ធា ប្រៀបដូចជាជើងមេឃជាមួយគ្នា បើទោះជាស្ថិតនៅអាមេរិក តែមួយច្រើនឆ្នាំមកហើយ។

នៅលើហ្វេសប៊ុករបស់លោក គេឧស្សាហ៍ឃើញលោកថតជាមួយអ្នកនាង អម្ពរ ទេវី និងតារារួមជំនាន់ជាច្រើនផ្សេងទៀតមិនដែលដាច់ ដោយសារតែលោក គឺជាតារាមួយដួងដែលនៅទទួលសម្ដែងរឿង និងច្រៀងនៅតាមរដ្ឋផ្សេងៗ គ្រប់ពេលមានកម្មវិធីតូចធំ។

លោក សុវណ្ណ មុន្នី ធ្លាប់បានបញ្ជាក់តាមឆាតថា លោកមានភរិយា និងកូនប្រុស២ នៅក្រុងឡុងប៊ិច ហើយលោកមិនសូវបានជួបតារារួមជំនាន់ដែលបានទៅរស់នៅសហរដ្ឋអាមេរិក ជាមួយគ្នានោះទេ ជាពិសេស គឺអ្នកនាង អ៊ុំ សុវណ្ណនី អ្នកនាង សុខ ស្រីមុំ និងអ្នកនាង នារី រ័ត្នគន្ធ។ ប៉ុន្តែបើក្រៅពីនោះ គឺលោកជួបញឹកដូចជាអ្នកនាង អម្ពរ ទេវី ជាដើម។ អញ្ចឹងហើយទើបលោកខ្លួនឯង ក៏បង្ហាញអារម្មណ៍ភ្ញាក់ផ្អើលនៅពេលដែលបានជួបដោយផ្ទាល់ជាមួយអ្នកនាង នារី រ័ត្នគន្ធ ដែលលោកបញ្ជាក់ថា រយៈពេលជាង១០ឆ្នាំគត់ ដែលមិនបានជួបគ្នា។

នៅលើហ្វេសប៊ុករបស់លោក គឺលោក និងអ្នកនាង នារី រ័ត្នគន្ធ ជួបគ្នាក្នុងកម្មពិធីរាប់បាត្រព្រះសង្ឃរាប់រយអង្គ ដើម្បីជុំគ្នាធ្វើបុណ្យ និងសម្ពោធសមិទ្ធផលមួយចំនួននៅវត្ត «ជេតពន ខេមរារាម» ស្ថិតក្នុងរដ្ឋតិចសាស សហរដ្ឋអាមេរិក។ លោកថា នេះជាពិធីបុណ្យដែលមានបងប្អូនខ្មែរ ជួបគ្នាកុះករ ហើយក៏ជារឿងចៃដន្យផងដែរ ដែលលោក និងដៃគូសម្ដែងចាស់ គឺអ្នកនាង នារី រ័ត្នគន្ធា បានឃើញមុខគ្នាជាលើកដំបូង បន្ទាប់ពីបានបែកគ្នាអស់ជាង១០ឆ្នាំ។

គួរបញ្ជាក់ផងដែរ លោក សុវណ្ណ មុន្នី និងអ្នកនាង នារី រ័ត្នគន្ធ សុទ្ធតែធ្លាប់ចុះមកលេងស្រុកខ្មែរ ក្នុងរយៈពេលកន្លងមក ដោយអ្នកនាង នារី រ័ត្នគន្ធា ចុះមកលេងស្រុកញឹកញាប់ជាងផង។ អ្នកនាង ត្រូវគេដឹងថា មិនមានស្វាមីថ្មីនោះទេ ហើយក៏មិនមានព័ត៌មានមានកូនជាសាច់ឈាមបង្កើតនោះដែរ ក្រៅតែពីមានកូនស្រីចិញ្ចឹមម្នាក់ តាំងពីនៅស្រុកខ្មែរ។ នៅទីនោះ អ្នកនាងក៏មានមុខជំនួញផ្ទាល់ខ្លួនផងដែរ៕

មតិយោបល់