ព័ត៌មានជាតិ

ពលរដ្ឋរិះគន់អាជ្ញាធរ បណ្ដោយឲ្យ​ឈ្មួញថៃប្រើប្រាស់គ្រឿងចក្រកាយយករ៉ែមាសក្នុងស្ទឹងបរតាំងស៊ូយ៉ាងរលូន

ប៉ៃលិន: ក្នុងបរិវេណស្ទឹងបរតាំងស៊ូ ស្ថិតក្នុងសង្កាត់បរតាំងស៊ូ ក្រុងប៉ៃលិន ត្រូវបានគេសង្គេតឃើញថា អាជ្ញាធរបានបណ្ដែតបណ្តោយឲ្យឈ្មួញថៃប្រើប្រាស់គ្រឿងចក្រកាយយករ៉ែយ៉ាងអនាធិបតេយ្យ ដែលបង្កឲ្យខូចខាតទ្រង់ទ្រាយស្ទឹង និងបំផ្លាញសម្បត្តិធម្មជាតិខ្មែរ។ ពាក់នឹងករណីនេះ បើតាមការឲ្យដឹងពីសមត្ថកិច្ចមួយចំនួនថា ខ្លះថាមានច្បាប់ ខ្លះទៀតថាគ្មានច្បាប់។

លោក ស៊ុន យី អភិបាលក្រុងប៉ៃលិនបានឲ្យដឹងថា “ករណីកាយយករ៉ែក្នុងស្ទឹងបរតាំងស៊ូមិនដឹងមានក្រុមហ៊ុនណាខ្លះទេ ខាងអាជ្ញាធរក្រុងគ្រាន់តែសហការឲ្យមានច្បាប់ដំណើរការប៉ុណ្ណោះ”។

លោក សុខ សួន ប្រធានការិយាល័យរ៉ែ ក៏បានឲ្យដឹងថា “ការកាយយករ៉ែនៅស្ទឹងបរតាំងស៊ូ មានច្រើនកន្លែងណាស់ ហើយសុទ្ធតែមានច្បាប់ទាំងអស់”។ លោកថា “មិនមានឈ្មួញថៃមកកាយយករ៉ែ ឬធ្វើអាជីវកម្មនោះទេ ជនជាតិថៃមកគ្រាន់តែជួយមើលបច្ចេកទេសឲ្យថៅកែខ្មែរប៉ុណ្ណោះ”។

ជុំវិញបញ្ហាខាងនេះ លោក អី ហឿន ប្រធានមន្ទីររ៉ឺខេត្តប៉ៃលិន អ្នកយកព័ត៌មានយើងមិនអាចសុំការបំភ្លឺបានទេ ដោយទូរសព្ទមិនចូល។

ដោយឡែកលោក ធូ ភា អភិបាលរងខេត្តប៉ៃលិនទទួលបន្ទុករ៉ែ និងថាមពលបានឲ្យដឹងថា “ករណីកាយយករ៉ែមាសក្នុងស្ទឹងបរតាំងស៊ូមានច្បាប់ ឬមិនមានច្បាប់រូបលោកមិនដឹងទេ ព្រោះថ្នាក់ក្រោមរត់ការមិនបានឆ្លងកាត់រូបលោកឡើយ”៕

https://youtu.be/oQ1Tj_YIoBU

មតិយោបល់