ព័ត៌មានជាតិ ព័ត៌មានសេដ្ឋកិច្ច ព្រឹត្តិការណ៍ សំខាន់ៗ

ធនាគារជាតិនៅតែទទួលយកក្រដាសប្រាក់ដុល្លារអាមេរិក

ភ្នំពេញៈ នៅបន្ទាប់ពីមានភាពជ្រើមជ្រួលរិះគន់តៗគ្នា នៅលើបណ្ដាញសង្គមហ្វសប៊ុកអំពីករណីធនាគារមួយចំនួននៅកម្ពុជា មិនទទួលយកក្រដាសប្រាក់ដុល្លារអាមេរិក ដែលមានស្នាមប្រឡាក់ ឬបោះត្រានោះ ធនាគារជាតិ នៃកម្ពុជា បានអះអាងថា នៅតែទួលយកក្រដាសប្រាក់ដុល្លារអាមេរិក ប៉ុន្តែមិនទទួលយកក្រដាសប្រាក់ ឬរូបិយប័ណ្ណបរទេសចាស់ ទក់ រហែក មានស្នាមប្រឡាក់ ឆេះរោល ឬប្ដូរយកក្រដាសប្រាក់ថ្មីឡើយ។ នេះជាការជូនដំណឹងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ ធនាគារជាតិ នៃកម្ពុជា នៅល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦។

ធនាគារជាតិ នៃកម្ពុជា បានអះអាងថា នៅតែទទួលយកក្រដាសប្រាក់ដុល្លារអាមេរិក ពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលមានគណនីនៅធនាគារជាតិ នៃកម្ពុជា នៅពេលដែលក្រដាសប្រាក់ដុល្លារទាំងនោះ ជាក្រដាសប្រាក់ពិតប្រាកដ មិនក្លែងក្លាយ ហើយមានគុណភាពសមស្រប។ ក្នុងនោះដែរ ស្ថាប័នមួយនេះ ក៏នឹងមិនទទួលយកក្រដាសប្រាក់បរទេសណា ដែលមានសភាពចាស់ ទក់ រហែក មានស្នាមប្រឡាក់ ឆេះរោលដោយប្រការណាមួយ ហើយប្ដូរយកក្រដាសប្រាក់ថ្មីនោះឡើយ។

បើតាមធនាគារជាតិ នៃកម្ពុជា ជំពូកទី៩ នៃច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃធនាគារជាតិ នៃកម្ពុជា ត្រង់មាត្រា៥១ បានបញ្ជាក់ថា «ធនាគារកណ្ដាល អាចបដិសេធមិនប្ដូរក្រដាសប្រាក់ និងកាស បើសិនជារូបភាពវាលែងមានភាពច្បាស់លាស់ បាត់បង់រូបភាពដើម ឬធ្លុះធ្លាយ ឬដែលបាត់បង់ទំហំ៣០% ឬលើសពីនេះ។ រូបិតវត្ថុទាំងនេះ ត្រូវដកចេញពីចរាចរ ហើយបំផ្លាញចោលដោយគ្មានសំណងចំពោះម្ចាស់ទេ លើកលែងតែករណីពិសេសដែលធនាគារកណ្ដាលអាចយល់ព្រមសងមួយចំនួន ឬទាំងអស់»

គួរជម្រាបថា ខណៈធនាគារក្នុងស្រុកមួយ បានបដិសេធមិនទទួលយកក្រដាសប្រាក់ដុល្លារ ដែលមានសភាពចាស់បន្តិច និងមានបោះត្រាផងនោះ បានធ្វើឲ្យប្រជាពលរដ្ឋពិសេសអ្នកលេងហ្វេសប៊ុកភ្ញាក់ផ្អើល និងចង់ឲ្យមានការបកស្រាយពីធនាគារជាតិ។ ទន្ទឹមនឹងនេះ ធនាគារអេស៊ីលីដា ឯណោះវិញ បានប្រកាសថា នៅតែបន្តទទួលយកក្រដាសប្រាក់ដុល្លារទាំងនោះជាប្រក្រតី ទាល់តែធនាគារជាតិ ធ្វើការបដិសេធ ទើបមានការសម្រេចជាថ្មី។

ម្ចាស់គណនីហ្វេសប៊ុក Tessie Goom បាន Comments នៅលើទំព័រហ្វេសប៊ុក ធនាគារជាតិ នៃកម្ពុជាថា «សូមមេត្តាបកស្រាយនូវការមិនទទួលប្រាក់ដុល្លា ដែលមានស្ថានភាពចាស់ រហែកបន្តិច ប្រឡាក់បន្តិច មានបោះត្រាពីសំណាក់បណ្តាធនាគារពាណិជ្ជ និងធនាគារជាតិនៃកម្ពុជា»

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Vychet Warren បានឆ្លើយតបនឹង Comments ខាងលើថា «ធនាគារជាតិ នៃកម្ពុជា ពុំទទួលខុសត្រូវទៅលើប្រាក់ដូល្លារអាមេរិក ឬរូបិយវត្ថុបរទេសណា ដែលចាស់ ទក់ ឬរហែកទេណាប្អូន។ ប៉ុន្តែមានប្រាក់រៀលចាស់ ទក់ ឬរហែកមកប្តូរនៅធនាគារជាតិ នៃកម្ពុជា នោះគេនឹងប្តូរឲ្យប្អូន។ ព្រោះធនាគារជាតិ នៃកម្ពុជា មិនបោះពុម្ភប្រាក់ដុល្លារអាមេរិក ឬប្រាក់បរទេសទេ។ ការចាយប្រាក់ដុល្លារសព្វថ្ងៃ គឺជាជម្រើសរបស់ប្រជាពលរដ្ឋ ហើយធនាគារជាតិ នៃកម្ពុជា ក៏ពុំមានចេញបម្រាមហាមការទទួលប្រាក់ដុល្លាររហែក ទក់ ចាស់ដែរ ព្រោះវាអាស្រ័យលើប្រជាពលរដ្ឋទទួល ឬមិនទទួលយក»

ជាមួយគ្នានេះដែរ ហ្វេសប៊ុកឈ្មោះ Soksan Ses ក៏បានComments តថា «បើធនាគារកណ្តាល មិនទទួលលុយចាស់ រឺមានបញ្ហាទាំងនោះ តើឲ្យប្រជាពលរដ្ឋយកលុយទាំងនោះទៅណាវិញ? រឺមួយក៏ត្រូវដុតចោល?»។ បើទោះបីជារឿងនេះ ស្ថិតក្នុងចម្ងល់ ប៉ុន្តែគណនីហ្វេសប៊ុក Vychet Warren បានតបវិញថា «ការចាយប្រាក់ដុល្លារសព្វថ្ងៃ គឺជាជម្រើសរបស់ប្រជាពលរដ្ឋ ហើយធនាគារជាតិនៃកម្ពុជា ក៏ពុំមានចេញបម្រាមហាមការទទួលប្រាក់ដុល្លាររហែក ទក់ ចាស់ដែរ ព្រោះវាអាស្រ័យលើប្រជាពលរដ្ឋទទួល ឬមិនទទួលយក។ ម្សិលមិញបងចាយប្រាក់ដុល្លារបានធម្មតា គ្មានអ្នកណាគេបដិសេធលុយបងផង។ តើប្អូនលឺពាក្យចចាមអារាមនេះពីណាមក?»

មតិយោបល់