ព័ត៌មានជាតិ

Update: ឈាមស្រែកស្បែកហៅ ឃាតករត្រូវបានប៉ូលិសកម្ពុជានិងថៃចាប់ បងថ្លៃដែលកាប់ប្អូនស្លាប់នៅស្ពានទឹកថ្លាបានហើយ

ថៃៈ អង្គភាពប៉ូលិសការិយាល័យកណ្តាលព្រហ្មទ័ណ្ឌនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យរបស់កម្ពុជានិងតម្រួតសន្តិសុខស្រុកសាមុតចេឌី នៃស្នងការដ្ឋានខេត្តសាមុតប្រាកានប្រទេសថៃ បានសហប្រតិបត្តិការចាប់ខ្លួនជនសង្ស័យជាឃាតកម្នាក់ដែលកាប់សម្លាប់ប្អូនថ្លៃ កាលពីពេលកន្លងមកនៅក្រោមស្ពានទឺកថ្លាភូមិសង្កាត់ទឺកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យកាលពីយប់នៅថ្ងៃទី៨ខែឧសភាឆ្នាំ២០១៦។

លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរង និងជានាយការិយាល័យកណ្តាលនគរបាលព្រហ្មទ័ណ្ឌនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យបានប្រាប់អ្នកសារព័ត៌មានថ្ងៃទី១៣មិថុនាថា ដោយអនុវត្តបទបញ្ជាលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនិងកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរមានសមត្ថកិច្ច អ្នកពាក់ព័ន្ធថៃ ពិសេសតម្រួតសន្តិសុខស្រុកសាមុតចេឌីនៃស្នងការខេត្តសាមុតប្រាកានលោកផ្ទាល់ លោកវរសេនីយ៍ទោអ៊ុ សុផល អធិការនគរបាលក្រុងប៉ោយប៉ែតនិងមន្ត្រី កាលពីនៅម៉ោង៩ព្រឹកថ្ងៃទី១៣មិថុនាឆ្នាំ២០១៦ នេះទើបកម្លាំងភាគីទាំង២បានឈានដល់ចាប់ខ្លួនជនសង្ស័យឈ្មោះ ប៊ីវ ឡុង ភេទប្រុស អាយុ៣០ឆ្នាំ លំនៅភូមិសូភីកណ្តាលឃុំសូភីស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។

ជនសង្ស័យគឺមានក្នុងដីកាបង្គាប់ចាប់ខ្លួនរបស់លោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារងនៃអយ្យការសាលាដំបូងខេត្តបន្ទាយមានជ័យចុះថ្ងៃទី៣មិថុនាឆ្នាំ២០១៦ ដើម្បីឲ្យជននេះមកបង្ហាញខ្លួនពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុននៅស្ពានទឹកថ្លាភូមិ/សង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណថ្ងៃទី៨ឧសភាឆ្នាំ២០១៦កន្លងមក។

មន្ត្រីតម្រួតសន្តិសុខថៃនៅស្រុកសាមុតចេឌីប្រាប់អ្នកសារព័ត៌មានថា តាមបណ្តាញសង្គមថ្ងៃទី១៣មិថុនាថា “ឥឡូវនេះនគរបាលកម្ពុជានិងតម្រួតសន្តិសុខតម្រួតអន្តោប្រវេសន៍និងជំនាញពាក់ព័ន្ធថៃនៅខេត្តសាមុតប្រាកានកំពុងបន្តធ្វើបែបបបទនិតិវិធីប្រគល់ទទួល បញ្ជូនជនសង្ស័យនេះមកកម្ពុជា ហើយមកដល់នៅថ្ងៃទី១៤មិថុនា”។

សូមរំលឹកថាកន្លងមកក្នុងគណនីហ្វេសប៊ុករបស់ខ្លួនលោកឧត្តមសេនីយ៍ អាត់ ខែមស្នងការនគរបាលបន្ទាយមានជ័យប្រកាសម្តងហើយម្តងទៀតថា “សូមបងប្អូនជួយសហការផ្តល់ព័ត៌មានដើម្បីបាននាំឲ្យបានហៅឈ្មោះប៊ីវ ឡុងមកសួរនាំបំភ្លឺសួររកជនដៃដល់ករណីពាក់ព័ន្ធមានគេធ្វើឃាតនៅក្រោមទឹកថ្លាសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ។សុំទាក់ទងមកប៉ូលិសតាមទូរស័ព្ទលេខ០១២២២២២០៦/០១២៩៨១៤៤១/០១២៦៣៦៨៨៦។យើងនឹងប្រគល់ប្រាក់រង្វាន់ចំនួន ១.០០០ដុល្លា”។

លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ បានរំលឹកថា ករណីឃាតកម្មព្រៃផ្សៃនោះគឺឃាតករសម្លាប់ជនរងគ្រោះឈ្មោះទី ទីន ភេទប្រុសអាយុ១៧ឆ្នាំលំនៅភូមិ-ឃុំសូភីស្រុកអូរជ្រៅ។ គេប្រទះឃើញដេកផ្កាប់មុខស្លាប់នៅក្រោមស្ពានទឹកថ្លានៃស្ទឹងសិរីសោភ័ណភូមិ-សង្កាត់ទឺកថ្លា។ស្លាកស្នាមខាងលើសពគឺត្រូវគេកាប់នឹងពូថៅចំដាច់ ក ពីក្រោយ។

ប៉ូលិសបានហៅមនុស្សខ្លះមកសួរនាំ ក្នុងនោះបានហៅឈ្មោះប៊ីវ ឡុង ជាបងថ្លៃនៃជនរងគ្រោះមកសួរបំភ្លឺដែរព្រោះមានការសង្ស័យខ្លះៗ។ដូចជាក្នុងថ្ងៃបុណ្យសពជនរងគ្រោះ ត្រូវគេសង្កតឃើញជនសង្ស័យមិនព្រមដុតធូបទឹកមុខប្លែកនិងចេះតែចង់គេចពីហ្វូងមនុស្សរបៀបរអៀសខ្លួន តែខណ:នាំជននោះដល់កន្លែងមួយ គេក៏រកលេសបត់ជើងហើយរត់គេចខ្លួនទៅប្រទេសថៃជាទីដែលគេបានធ្វើការស៉ីឈ្នួលនៅទីនោះ៕

photo_2016-06-13_19-59-59 copyphoto_2016-06-13_20-00-09photo_2016-06-13_20-00-12photo_2016-06-13_20-00-16photo_2016-06-13_20-00-19photo_2016-06-13_20-00-22photo_2016-06-13_20-00-24

មតិយោបល់