ព័ត៌មានជាតិ

កម្ពុជា ត្រូវការជំនួយហិរញ្ញវត្ថុពីធនាគារពិភពលោក សម្រាប់ការថែរក្សាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ភ្នំពេញៈ ក្នុងជំនួបពិភាក្សាការងារជាមួយធនាគារពិភពលោក នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី១៣ ខែមិថុនានេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ពីតម្រូវការការគាំទ្រពីធនាគារពិភពលោក ដើម្បីផ្ដល់ហិរញ្ញវត្ថុគាំទ្រសម្រាប់ការថែរក្សាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា។

បើតាមហ្វេសប៊ុកក្រសួងសាធារណការ បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ នៅទីស្តីការ ក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជួបពិភាក្សាការងារ ជាមួយលោក Alassane Sow ប្រធានគ្រប់គ្រងរបស់ធនាគារពិភពលោក ប្រចាំប្រទេសកម្ពុជា ដែលអមដំណើរដោយលោកស្រី Inguna Dobraja ប្រធានផ្នែកគ្រប់គ្រងប្រចាំកម្ពុជា ដែលទើបទទួលការតែងតាំងថ្មី។

លោក Alassane Sow បានសម្តែងការកោតសរសើរ ចំពោះលោកទេសរដ្ឋមន្រ្តី ចំពោះកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក ក្នុងអាណត្តិទទួលបន្ទុកការងាររបស់លោកនៅកម្ពុជា។ លោកក៏បានណែនាំប្រធានគ្រប់គ្រង ប្រចាំកម្ពុជា ដែលទើបបានទទួលតំណែងថ្មី ជំនួសរូបលោកផងដែរ គឺលោកស្រី Inguna Dobraja។

លោកទេសរដ្ឋមន្រ្តី បានសម្តែងការកោតសរសើរ ចំពោះធនាគារពិភពលោក ព្រមទាំងបានថ្លែងផងដែរថា លោករង់ចាំបំពេញការងារយ៉ាងជិតស្និទ្ធជាមួយលោកស្រី Dobraja ដើម្បីធ្វើឲ្យសើរឡើង និងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក។

លោក ស៊ុន ចាន់ថុល ក៏បានគូសបញ្ជាក់ផងដែរ អំពីតម្រូវការការគាំទ្រ ជាបន្ទាន់ពីធនាគារពិភពលោក ដើម្បីផ្តល់ហិរញ្ញវត្ថុគាំទ្រដល់ការថែរក្សាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់នៅកម្ពុជា និងបានអញ្ជើញលោកស្រីប្រធានគ្រប់គ្រង ដែលទើបទទួលការតែងតាំងថ្មី នៃធនាគារពិភពលោកប្រចាំកម្ពុជា ដើម្បីចូលរួមជាសមាជិកក្រុមប្រឹក្សាយោបល់ផ្នែកដឹកជញ្ជូន ដែលមានបេសកម្មកាត់បន្ថយការចំណាយលើការដឹកជញ្ជូននៅក្នុងប្រទេស៕

មតិយោបល់