ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

សម្ដេចតេជោ៖ ការបាត់បង់លោក សាយ ភូថង គឺបាត់បង់មេដឹកនាំដ៏សំខាន់របស់កម្ពុជា

ភ្នំពេញៈ នៅលើទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ការទទួលមរណភាពរបស់លោក សាយ ភូថង អតីតអនុប្រធានក្រុមប្រឹក្សារដ្ឋ (អនុប្រធានរដ្ឋ) គឺជាការបាត់បង់នូវមេដឹកនាំដ៏សំខាន់បំផុតម្នាក់ របស់កម្ពុជា។ គុណបំណាច់ និងការលះបង់ដ៏ឧត្តុង្គឧត្តមរបស់លោក សាយ ភូថង ចំពោះជាតិមាតុភូមិ គឺយើងទាំអស់គ្នាចងចាំជានិច្ច។

សម្ដេច បន្តឲ្យដឹងទៀតថា កាលពីប៉ុន្មានថ្ងៃមុននេះ សម្ដេចបានដឹកនាំក្រុមគណៈប្រតិភូទៅសាកសួរសុខទុក្ខលោក សាយ ភូថង អតីតអនុប្រធានក្រុមប្រឹក្សារដ្ឋ (អនុប្រធានរដ្ឋ) ដែលសម្រាកព្យាបាលនៅទីក្រុងបាងកក ប្រទេសថៃ។ សម្ដេច បញ្ជាក់ថា «លោកអុំ សាយ ភូថង គឺជាឥស្សរៈជនដឹកនាំដ៏សំខាន់ម្នាក់ របស់គណបក្សប្រជាជនកម្ពុជា ដែលបានលះបង់ និងបូជាគ្រប់យ៉ាងក្នុងការចូលរួមរំដោះប្រទេសពីរបបខ្មែរក្រហម។ គួរឲ្យសោកស្តាយខ្លាំងបំផុត ដែលលោកអុំ សាយ ភូថង បានទទួលមរណភាពនៅថ្ងៃនេះ ដោយរោគាពាធក្នុងជន្មាយុ៩៦ឆ្នាំ នៅទីក្រុងបាងកក»

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បន្តទៀតថា «ខ្ញុំនឹកឃើញគ្រប់ស្ថានភាព និងគ្រប់កិច្ចការទាំងអស់ ដែលយើងបានរួមគ្នាធ្វើ ដើម្បីការរស់រាន និងការរីកចម្រើនរបស់ជាតិ។ នឹកឃើញដល់ការស្រឡាញ់របស់អុំចំពោះខ្ញុំ និងកូនៗខ្ញុំ នៅពេលពួកគេនៅជាកុមារ។ ក្នុងនាមខ្ញុំផ្ទាល់ជាប្រធានគណបក្សប្រជាជន និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារសព និងសូមបួងសួងដល់ដួងវិញ្ញាណក្ខ័ន្តរបស់លោកអុំ បានសោយសុខក្នុងសុគតិភពកុំបីខាន»

មតិយោបល់