ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

(ខ្សឹប) ប៊ុយរ៉ូលោកចៅសង្កាត់ដង្កោនៅហាងកាហ្វេ

មន្ត្រីបម្រើការងារនៅសាលាសង្កាត់ដង្កោ ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋានបានខ្សឹបប្រាប់មកនាយក្តាមប្រៃយើងឲ្យដឹងថា ចៅសង្កាត់ដង្កោលោក វឿក សាមឿន បានយកពេលនៅតៀមកាហ្វេធ្វើជាប៊ុយរ៉ូធ្វើការ ច្រើនជាងមកអង្គុយធ្វើការនៅក្នុងសាលាសង្កាត់ ហើយធ្វើឲ្យ មន្ត្រីថ្នាក់ក្រោម និងប្រជាពលរដ្ឋក្នុងមូលដ្ឋានពិបាករកជួបចុះហត្ថលេខាលើឯកសារផ្សេងៗ។

ប្រភពខាងលើបានខ្សឹបប្រាប់នាយក្តាមប្រៃយើងឲ្យដឹងទៀតថា លោកចៅសង្កាត់ធ្វើសកម្មភាពការងាររបស់គាត់តាមតៀមកាហ្វេបែបនេះ គឺគាត់ចង់បិតបាំងពីសកម្មភាពប្រព្រឹត្តិអំពើពុករលួយក្រោមតុរបស់គាត់ និងគេចវេះពីខ្សែភ្នែករបស់មន្ត្រីថ្នាក់ក្រោមផងដែរ។

ប្រភពបានខ្សឹបទៀតថា ទោះបីលោកចៅសង្កាត់រូបនេះ បានអង្គុយនៅតៀមកាហ្វេច្រើនជាអង្គុយក្នុងប៊ុយរ៉ូក៏ពិតមែន តែឯកសារអ្វីៗក៏បានទៅដល់ដៃលោក វឿក សាមឿន ចុះហត្ថលេខាបានយ៉ាងស្រួលផងដែរ។

ប្រភពពីក្រុមមន្ត្រីសាលាសង្កាត់ដង្កោបានខ្សឹបប្រាប់នាយក្តាមប្រៃយើងឲ្យដឹងទៀតថា ឯកសារផ្សេងៗ ដែលរត់ទៅដល់ដៃលោកចៅសង្កាត់នោះ វាមិនមែនហោះទៅបានដោយស្រួលទេ គឺគាត់មានមនុស្សមួយក្រុមតូចរបស់គាត់រួមទាំងសន្តិសុខសង្កាត់ម្នាក់ ពីរនាក់ផងដែរ ជាអ្នកចាំទទួលយកឯកសារផ្សេងៗ ពីគេដោយសុំឲ្យម្ចាស់ឯកសារទាំងនោះបង់ថ្លៃសេវាជាមុនតាមការទាមទារលើបបូរមាត់របស់ពួកគេ ទោះបីឯកសារខ្លះមិនតម្រូវឲ្យប្រជាពលរដ្ឋបង់លុយក៏ដោយ ក៏ក្រុមលោកចៅសង្កាត់នេះ នៅតែយកលុយបានដែរ តាមរូបភាព លុយថ្លៃទឹកប៊ិច ទឹកតែ និងថ្លៃរត់សេវាឯកសារជូនលោកចៅសង្កាត់ស៊ីញ៉េបានលឿន។

ក្រុមមន្ត្រីសាលាសង្កាត់ដង្កោទាំងនោះនៅបានខ្សឹបប្រាប់ឲ្យនាយក្តាមប្រៃយើងដឹងទៀតថា ច្រកចេញចូលនៅក្នុងសង្កាត់ដង្កោនេះ មានសភាពស្ងាត់ណាស់ ធ្វើឲ្យចំណូលបានតិចតួច ស្ទើរតែគ្មានថវិកាតម្កល់ក្នុងសង្កាត់ទៀតផង ដោយសារតែសេវ៉ាច្រកចេញចូលតែ១នេះវាបានធ្លាក់ទៅលើច្រកហោប៉ៅរបស់លោក វឿក សាមឿន អស់៧០ភាគរយទៅហើយ នៅសល់៣០ភាគរយទុកឲ្យមន្ត្រីថ្នាក់ក្រោមចែកគ្នា ម្នាក់តិចៗ។

ប្រភពនៅខ្សឹបបន្តទៀតថា លោកចៅសង្កាត់របស់ខ្លួនចេះវិធីរកលុយខ្លាំងណាស់អារឿងក្រោមតុ តែអាវិធីដោះស្រាយបញ្ហាផ្សេងៗជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានវិញ មិនដែលធ្វើឲ្យបានល្អនោះទេ។

ក្រុមមន្ត្រីសាលាសង្កាត់ដង្កោប្រាប់នាយក្តាមប្រៃយើង ដោយសូមឲ្យជួយខ្សឹបប្រាប់ទៅដល់អភិបាលខណ្ឌដង្កោលោក នុត ពុតដារ៉ា ឲ្យលោកបានជ្រាប និងមានវិធានការចំពោះលោកចៅសង្កាត់ដង្កោនេះផង កុំទុកឲ្យគាត់ជិះសេះលែងដៃខ្លាំងពេក។

ក្រុមមន្ត្រីទាំងនោះបានខ្សឹបថា បើលោកអភិបាលខណ្ឌដង្កោ នុត ពុតដារ៉ា មិនមានវិធានការលើលោក វឿក សាមឿន នេះទេ កុំសង្ឃឹមថា អណត្តិចៅសង្កាត់លើកក្រោយប្រហែលរកសំឡេងឆ្នោតមិនបាននោះទេ៕

មតិយោបល់