(ភ្នំពេញ): រហូតមកទល់នឹងមោ៉ងជាង៨យប់នេះ មន្រ្តីជាន់ខ្ពស់ គណបក្សសង្រ្គោះជាតិ មិនបានបញ្ជាក់ពីការចោទនិងឃុំខ្លួន លោក អ៊ុំ សំអាន អ្នកតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិនៅឡើយទេ ដោយរឿងនេះ ស្ថិតក្នុងដៃតុលាការ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានប្រាប់Post News មុននេះបន្តិចថា ” រឿងនេះ យើងមិនទាន់ដឹងទេ ថាតើតុលាការ ឬលោក អ៊ុំ សំអាន ឃុំខ្លួនទីណានោះ ” ។
ប៉ុន្តែអ្វីដែលលោកយឹម សុវណ្ណ ត្រូវបញ្ជាក់ពេលនេះ គឺថា នៅព្រឹកស្អែក គណបក្សសង្រ្គោះជាតិនឹងធ្វើសន្និសិទ្ធកាសែតនៅទីស្នាក់ការ CNRP ជុំវិញការចាប់ខ្លួនអ្នកតំណាងរាស្រ្ត ។
លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ Post News ថា ករណីលោក អ៊ុំ សំអាន នឹងត្រូវតុលាការបន្តនីតិវិធីនៅថ្ងៃស្អែកទី១២មេសា ។
នៅមោ៉ងជាង៧យប់ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦នេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបញ្ជូន លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ទៅកាន់ក្រសួងមហាផ្ទៃវិញបន្ទាប់ពីសាកសួរអស់រយៈពេលជាង ៣ម៉ោង ហើយនឹងបញ្ជូនមកកាន់តុលាការសាជាថ្មី នៅព្រឹកថ្ងៃស្អែកបន្តទៀត។
លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅខេត្តសៀមរាប កាលពីម្សិលមិញ បន្ទាប់ពីលោកត្រឡប់ពីអាមេរិក មកដល់ប្រទេសកម្ពុជា។ លោកត្រូវបានចាប់ខ្លួននៅម្តុំផ្សារកណ្តាល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នៅពេលលោកចុះដកលុយនៅទូរ ATM របស់ធនាគារ។ សមត្ថកិច្ចបានបញ្ជាក់ថា លោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួននៅលើទឹកដីខេត្តសៀមរាប ពីបទប្រើប្រាស់ផែនទីក្លែងក្លាយដូចករណី លោក ហុង សុខហួរ ដែរ។
មតិយោបល់