អាមេរិកៈ មន្ត្រីក្រុងវ៉ាស៊ីនតោន នៅថ្ងៃសៅរ៍ បានប្រាប់ភ្នាក់ងារ Reuters ថា ក្រុមកងទ័ពវាយប្រហារជើងទឹក របស់អាមេរិក បានធ្វើការផ្លាស់គោលដៅឆ្ពោះទៅភាគខាងលិចមហាសមុទ្រប៉ាស៊ីហ្វិក ដែលនៅជិតឧបទ្វីបកូរ៉េ បន្ទាប់ពីមានការព្រួយបារម្ភកើនឡើង អំពីកម្មវិធីអាវុធរបស់កូរ៉េខាងជើង។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧។
កាលពីដើមខែនេះ ប្រទេសកូរ៉េខាងជើង បានធ្វើការសាកល្បងគ្រាប់មីស៊ីល អាចហោះហើរបានរយៈចម្ងាយខ្លីប៉ុណ្ណោះ ប្រភេទ Scud ដែលទង្វើនេះ បានបំពានលើដំណោះស្រាយនៃអង្គការសហប្រជាជាតិ ក្នុងហាមប្រាម ការបាញ់មីស៊ីលផ្លោង ។
ក្រុមវាយប្រហារជើងទឹកនេះ មានឈ្មោះថា Carl Vinson មាននាវាផ្ទុកយន្តហោះមួយគ្រឿង នឹងតម្រង់ទិសដៅរបស់ខ្លួនទៅកាន់ឧបទ្វីបកូរ៉េ។
Carl Vinson បានចេញដំណើរពីប្រទេសសិង្ហបុរី បន្ទាប់ពីវាបានមកដល់នៅទី៤ ខែមេសា នៅ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចកំពង់ផែមួយ។
ប្រភពពីមន្ត្រីម្នាក់ សុំមិនបញ្ចេញឈ្មោះ បាននិយាយថា « វត្តមានរបស់ក្រុមវាយប្រហារនេះ គឺដោយសារមានកើនទ្បើងអំពីការព្រួយបារម្ភ ចំពោះឥរិយាបថរបស់កូរ៉េខាងជើង»។
នៅឆ្នាំនេះ ក្រុមមន្រ្តីកូរ៉េខាងជើង រួមទាំងមេដឹកនាំលោក គីម ជុងអ៊ុន បានចង្អុលបង្ហាញម្តងហើយម្តងទៀត នូវការធ្វើតេស្តមីស៊ីលឆ្លងទ្វីបមួយ ដែលអាចបាញ់សាកល្បងជាថ្មីម្ដងទៀត នៅថ្ងៃទី១៥ ខែមេសានេះ ចំខួប ១០៥ឆ្នាំនៃស្ថាបនិករដ្ឋកុម្មុយនីស្ត ដែលក្រុងព្យុងយ៉ាង បានប្រារព្ធពិធីធ្វើវាជារៀងរាល់ឆ្នាំ។
គួរបញ្ជាក់ដែរថា នៅដើមសប្ដាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានជួបពិភាក្សាគ្នាទៅរដ្ឋផ្លរីដា ជាទីដែលលោក ត្រាំ បានជំរុញឲ្យសមភាគីរបស់លោកខិតខំបន្ថែមទៀត ក្នុងការទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាង៕
មតិយោបល់