ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត ព្រឹត្តិការណ៍ សំខាន់ៗ

គូជម្លោះ ម៉ៅ សុចាន់ធី ចូលគុក

ភ្នំពេញៈ ព័ត៌មានចុងក្រោយបានអះអាងថា តារាសម្ដែងលោក រតនៈ វិបុល ហៅ យ៉ុងយ៉េ ដែលត្រូវជាប់ចោទពីបទជេរប្រមាថ និងគំរាមសម្លាប់អ្នកនាងម៉ៅ សុចាន់ធីនោះ ត្រូវបានតុលាការខេត្តបាត់ដំបងសម្រេចឃុំខ្លួនហើយ បន្ទាប់ពីហៅសាកសួរកាលពីរសៀលថ្ងៃទី១៦ មិថុនា ហើយត្រូវបានបុរសរូបនេះទទួលថាខ្លួនពិតជាបានសរសេរដូចអ្វីដែលបានចោទប្រកាន់មែន។ យ៉ាងណាក៏ដោយគេមិនទាន់ដឹងថាចំណាត់ការចុងក្រោយរបស់តុលាការនឹងសម្រេចបែបណានៅឡើយទេ បន្ទាប់ពីឃុំខ្លួនជនជាប់ចោទនេះ។

អ្នកនាង ម៉ៅ សុចាន់ធី បានអះអាងថា អ្វីដែលអ្នកនាងទទួលបានពីមេធាវីរបស់អ្នកនាងគឺ បុរសម្នាក់នោះត្រូវបានឃុំខ្លួន។ ប៉ុន្តែនៅតែបន្តទាមទារឲ្យមានចំណាត់ការតាមផ្លូវច្បាប់បន្ថែមទៀត ដោយសារអ្នកនាងយល់ថា អ្វីដែលលោក រតនៈ វិបុល បានធ្វើគឺហួសហេតុ។ អ្នកនាងនិយាយថា មកទល់នឹងចំណាត់ការធ្លាក់ដល់ដៃតុលាការពាក្យថា សុំទោសលែងកើតមានហើយ ដោយក្រៅពីប្រឈមមុខចំពោះផ្លូវច្បាប់ អ្នកនាងក៏បានដាក់ក្នុងបណ្ដឹងទាមទារជំងឺចិត្តពីជនជាប់ចោទចំនួន៥ម៉ឺនដុល្លារបន្ថែមទៀត។

អ្នកនាងពោលថា «ខ្ញុំឲ្យគេមើលសម្ដីវាជេរប្រមាថខ្ញុំ គេហួសចិត្តគ្រប់គ្នា ថាហេតុអ្វីវាជាប្រុសសោះជេរខ្ញុំអស់សាច់បានដល់ម្ល៉ឹង ប៉ុន្តែអាចនឹងវាល្មមទេ ខ្លាំងបំផុតគឺត្រង់វាថាឲ្យតែឃើញមុខខ្ញុំមកស្រុកខ្មែរគឺវាបាញ់ខ្ញុំចោលហើយ ខ្ញុំឆ្ងល់វាជាអ្នកសិល្បៈអីមានចរឹកបែបនឹងបើចឹងៗគេចេះតែឲ្យតែចូលសិល្បៈដែរ ស្អុយអ្នកសិល្បៈគេល្អងាប់ហើយ!»។ អ្នកនាងបន្តថាបណ្ដឹងរបស់ខ្លួននឹងត្រូវចាត់ការបន្តដោយមេធាវី ចំណែកអ្នកនាងនឹងសម្រេចចិត្តត្រលប់ទៅកាន់សហរដ្ឋអាមេរិកវិញហើយនៅចុងខែមិថុនាខាងមុខនេះ ដោយអ្នកនាងមិនត្រាំត្រែងនៅចាំដល់តុលាការប្រកាសសាលក្រមនោះទេ។ អ្នកនាងទទូចឲ្យតុលាការធ្វើការកាត់ក្ដីដោយយុត្តិធម៌ ដើម្បីជាគំរូកុំឲ្យបុរសដដែលនេះ សម្អាងថាខ្លួនមានហ្វេសប៊ុកផ្ទាល់ខ្លួនហើយដើរជេរប្រមាថ និងគំរាមអាយុជីវិតគេឯងបានទៀត។

អ្នកនាងម៉ៅ សុចាន់ធី បានផ្ញើភស្ដុតាងពីការជេរប្រមាថជាច្រើនរបស់លោករតនៈ វិបុល ហៅ យ៉ុងយ៉េ មកកាន់ស្ថាប័ន Post News ដើម្បីឲ្យមានការវិភាគថាបើអ្នកផ្សេងជាអ្នកនាងតើត្រូវប្ដឹង ឬត្រូវ នៅស្ងៀម។ អ្នកនាងទទួលស្គាល់ថាក្នុងពេលកើតជម្លោះអ្នកនាងបានប្រើពាក្យជេរប្រមាថមកលើបុរសរូបនោះដូចគ្នា ប៉ុន្តែអ្នកនាងថាពាក្យសម្ដីតបតរបស់ខ្លួនមិនធ្ងន់ធ្ងរមិនអាចទទួលយកបានដូចអ្វីដែលលោក រតនៈ វិបុល ធ្វើឡើយ៕

មតិយោបល់