ភ្នំពេញ: ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។ សិក្ខាសាលាពិគ្រោះយោបល់នេះ ដឹកនាំដោយលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងលោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍សំខាន់ៗមួយចំនួន ដូចជាៈ ADB, EU, USAID, SWEDEN, WFP, KOICA, UNICEF, UNDP, UNESCO, អង្គការសង្គមស៊ីវិល, ស្ថាប័នស្រាវជ្រាវ ព្រមទាំងមន្ត្រីជំនាញខាងគោលនយោបាយនិងថវិការបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងអប់រំ យុវជន និងកីឡា ដែលមកពីសកលវិទ្យាល័យ មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត សាលាវិទ្យាល័យ អនុវិទ្យាល័យ និងបឋមសិក្សាមកពីបណ្តាខេត្តមួយចំនួន។
លោករដ្ឋលេខាធិការ វង្សី វិស្សុត មានប្រសាសន៍ថា ការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការអភិវឌ្ឍវិស័យអប់រំជាលើកទី៣ ក្នុងពេលនេះ គឺមានគោលដៅពិនិត្យឡើងវិញនូវសមិទ្ធិកម្ម ធ្វើការបូកសរុប និងកំណត់បញ្ហាប្រឈម រួចធ្វើការវិភាគក្នុងការស្វែងរកជម្រើស និងដំណោះស្រាយសមស្រប ដើម្បីជាមូលដ្ឋានសម្រាប់រៀបចំថវិកាឆ្នាំ២០១៧ ឱ្យកាន់តែមានលក្ខណៈឆ្លើយតបនឹងតម្រូវការរបស់វិស័យអប់រំ សំដៅធ្វើយ៉ាងសម្រេចឱ្យបានជាអតិបរិមានូវគោលដៅដែលបានដាក់ចេញ ដូចដែលមានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ ពិសេសផែនការយុទ្ធសាស្ត្រវិស័យអប់រំតែម្តង។
ទន្ទឹមនឹងនេះ សិក្ខាសាលាពិគ្រោះយោបល់នេះ ក៏មានគោលបំណងប្រមូលនូវធាតុចូល និងពុទ្ធិ ទាំងជាទ្រឹស្តី និងការអនុវត្តជាក់ស្តែង ដើម្បីស្វែងរកជម្រើសដ៏ល្អបំផុត រួចដាក់ចេញជាវិធានការ ស្របទៅតាមស្ថានភាពជាក់ស្តែងរបស់វិស័យអប់រំនៅកម្ពុជា តាមរយៈការផ្សាភ្ជាប់គោលនយោបាយអប់រំទៅនឹងថវិកា ដើម្បីការបែងចែកធនធានឱ្យកាន់តែចំមុខ និងកាន់មានប្រសិទ្ធភាព ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃប្រតិបត្តិការចំណាយនៅពេលអនុវត្ត។ ដូច្នេះ ការកំណត់អាទិភាពចំណាយថវិកាក្នុងវិស័យអប់រំ គឺមានសារៈខាន់ណាស់ ក្នុងខណៈដែលវិស័យនេះក៏ទទួលបានថវិកាកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ ហើយលទ្ធភាពថវិកាជាតិនៅមានកម្រិត និងមានអាទិភាពចំណាយចាំបាច់ច្រើនក្នុងវិស័យផ្សេងៗទៀត។ ជាមួយគ្នានេះ តួនាទីរបស់ស្ថាប័ន និងកត្តាអភិបាលកិច្ច ក៏ដើរតួសំខាន់ក្នុងការសម្រេចបាននូវគោលដៅខាងលើនេះ។
លោករដ្ឋលេខាធិការក៏បានលើកឡើងផងដែរថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានខិតខំអស់ពីលទ្ធភាពក្នុងការផ្តល់នូវការគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស ដែលត្រូវបានកំណត់ជាអាទិភាពទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៥នេះ ឱ្យក្លាយទៅជាការពិត និយាយជារួម និង និយាយឡែក គឺការផ្តល់នូវការគាំទ្រដល់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីសម្រេចឱ្យបានជាអតិបរិមានូវគោលដៅទាំងឡាយដែលបានដាក់ចេញ ពិសេសការកែទម្រង់ក្នុងវិស័យអប់រំ សម្រាប់បម្រើឱ្យគោលដៅនៃការអភិវឌ្ឍរយៈពេលធម្យម និងវែង ពិសេសនៅក្នុងបរិការណ៍នៃបដិវត្តន៍ឧស្សាហកម្មលើកទី៤ (The 4th Industrial Revolution) ដែលនឹងអាចមកដល់ក្នុងពេលខាងមុខ។ ជាក់ស្តែង ថវិកាចំណាយចរន្តថវិកាជាតិរបស់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានបង្កើនឡើងពី ១,៨% នៃ ផសស នៅក្នុងឆ្នាំ២០១៣ ដល់ ២,៧% នៃ ផសស នៅក្នុងឆ្នាំ២០១៦ នេះ ពោលគឺមានកំណើនប្រមាណ ១% នៃ ផសស នៅក្នុង រយៈពេល ០៤ឆ្នាំនេះ។
គួរបញ្ជាក់ដែរថា ទំហំនៃចំណាយថវិកាខាងលើនេះ មិនទាន់រាប់បញ្ចូលថវិកាចំណាយមូលធនដែលត្រូវបានបង្កើនកាន់តែច្រើនឡើង (៤០ ប៊ីលានរៀល ក្នុងឆ្នាំ២០១៦) ព្រមទាំងថវិកាដែលបានមកពីដៃគូ និងសប្បុរសជននានា។ អង្គសិក្ខាសាលាពិគ្រោះយោបល់ផ្តោតលើការពិភាក្សាផ្លាស់ប្តូរមតិយោបល់លើបញ្ហាចំនួន ០៣ គឺ (១)-ការពង្រីកសេវាអប់រំ (២)-ការពង្រឹងគុណភាពអប់រំ និង (៣)-បញ្ហាស្ថាប័ននិងអភិបាលកិច្ចក្នុងវិស័យអប់រំ៕
មតិយោបល់