ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រដ្ឋាភិបាល ប្រសិទ្ធនាមផ្លូវមួយខ្សែទៅជា «វិថី សាយ ភូថង»

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា បានសម្រេចប្រសិទ្ធនាមផ្លូវមួយខ្សែ ដែលមានប្រវែងជាង៦០គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៤៨ ឆ្ពោះទៅកោះស្ដេច កាត់តាមឧទ្យានជាតិបុទមសាគរ ស្ថិតក្នុងខេត្តកោះកុង ថាជា «វិថី សាយ ភូថង»។ នេះបើតាមការជូនដំណឹងរបស់ក្រសួងបរិស្ថាន ដែល Post News ទទួលបាននៅយប់ថ្ងៃទី២១ ខែមិថុនានេះ។

សេចក្ដីជូនដំណឹង ដែលបានចេញផ្សាយ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ ដោយក្រសួងបរិស្ថាន បានឲ្យដឹងថា ការប្រសិទ្ធនាមជា «វិថី សាយ ភូថង» លើផ្លូវថ្មីប្រវែងជាង៦០គីឡូម៉ែត្រនេះ ត្រូវបានរដ្ឋាភិបាលធ្វើឡើង ដើម្បីជាការតបស្នងដល់គុណូបការៈដ៏ថ្លៃថ្លារបស់ព្រឹទ្ធាចារ្យ សាយ ភូថង ដែលបានបូជាកម្លាំងកាយ កម្លាំងចិត្ត កម្លាំងបញ្ញា និងកម្លាំងស្មារតី ជម្នះរាល់ឧបសគ្គក្នុងមួយជីវិតរបស់លោក ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា ជាពិសេសការដឹកនាំចលនាតស៊ូក្នុងភូមិសាស្ត្រខេត្តកោះកុង ក្នុងការរំដោះប្រទេសជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍។

គួរជម្រាបថា លោក សាយ ភូថង អតីតអនុប្រធានក្រុមប្រឹក្សារដ្ឋ (អនុប្រធានរដ្ឋ) និងជាសមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា បានទទួលមរណភាពនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ ដោយរោគាពាធក្នុងអាយុ៩៦ឆ្នាំ នៅទីក្រុងបាងកក ប្រទេសថៃ។

ក្រោយទទួលមរណភាពភ្លាមៗ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកថា ការទទួលមរណភាពរបស់លោក សាយ ភូថង គឺជាការបាត់បង់នូវមេដឹកនាំដ៏សំខាន់បំផុតម្នាក់ របស់កម្ពុជា។ សម្ដេច បញ្ជាក់ថា «លោកអុំ សាយ ភូថង គឺជាឥស្សរៈជនដឹកនាំដ៏សំខាន់ម្នាក់ របស់គណបក្សប្រជាជនកម្ពុជា ដែលបានលះបង់ និងបូជាគ្រប់យ៉ាងក្នុងការចូលរួមរំដោះប្រទេសពីរបបខ្មែរក្រហម។ ខ្ញុំនឹកឃើញគ្រប់ស្ថានភាព និងគ្រប់កិច្ចការទាំងអស់ ដែលយើងបានរួមគ្នាធ្វើ ដើម្បីការរស់រាន និងការរីកចម្រើនរបស់ជាតិ»៕

មតិយោបល់