ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

លេចចេញឈើគ្រញូងជាច្រើនផ្ទាំង ខណៈឈ្មួញដឹកពីប្រទេសថៃ ចូលមកកម្ពុជា

ភ្នំពេញៈ ឈើគ្រញូងមានតម្លៃរាប់ម៉ឺនដុល្លារជាច្រើនផ្ទាំង ត្រូវបានតម្រួតថៃ រឹបអូសយកទៅរក្សា ដើម្បីចាត់ការតាមច្បាប់ បន្ទាប់ពីរថយន្តនីសាន់ថៃមួយគ្រឿង បានជួបគ្រោះថ្នាក់ចរាចរណ៍ ខណៈរថយន្តនោះ ដឹកឈើគ្រញូងចេញពីឧទ្យានជាតិ ប៉ាងស៊ីដា ក្នុងខេត្តស្រះកែវ ប្រទេសថៃ ក្នុងគោលបំណងឆ្ពោះមកកម្ពុជា។

អាជ្ញាធរថៃ មេភូមិ៩ លោក ចិន្តា ង៉ាមប៊ុនឈួយ បានឲ្យដឹងថា រថយន្តមួយគ្រឿង បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយបានបើកទៅបុកនឹងបង្គោលភ្លើង ហើយខ្ជាក់ចេញមកសុទ្ធសឹងតែជាឈើគ្រញូងខ្នាតធំៗ ដែលមានសរសេរជាអក្សរខ្មែរ កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ នៅត្រង់ចំនុចភូមិ៩ ឃុំឆង់កុំ ស្រុកវឌ្ឍនាណាក់ខន ខេត្តស្រះកែវ ប្រទេសថៃ។

លោកមេភូមិ៩ បានបន្តថា នៅពេលកើតហេតុ លោកបានឮសំឡេងប៉ះទង្គិចយ៉ាងខ្លាំង ដែលជាស្នូរនៃការប៉ះរវាងរថយន្តបង្កម៉ាក នីសាន់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប្រាជីនបុរី ៦០៥៨ ជាមួយនឹងបង្គោលភ្លើងបណ្ដាលឲ្យបង្គោលភ្លើងនោះត្រូវបាក់។ លុះពេលលោកចេញមកមើល ក៏ឃើញមានមនុស្សពីរនាក់ បានរត់ចេញពីរថយន្តបង្កហេតុ ឡើងជិះរថយន្តម៉ាក នីសាន់ មួយគ្រឿងផ្សេងទៀត រួចក៏បើកគេចខ្លួនចេញពីកន្លែងកើតហេតុបាត់តែម្ដង។

ក្រោយទទួលនូវសេចក្តីរាយការណ៍រួចមក ក្រុមតម្រួតថៃ សហការជាមួយជំនាញមេព្រៃ ប្រចាំតំបន់ហ៊ួយឆាន់ បានចុះទៅកាន់កន្លែងកើតហេតុ ត្រួតពិនិត្យឃើញថា នៅក្នុងទ្រុងរថយន្តបង្ក មានដឹកឈើគ្រញូងពេញប្រៀប ដោយមានគ្របតង់ខ្មៅពីលើ ដើម្បីបិទបាំងភ្នែកសមត្ថកិច្ចជំនាញ។ លុះក្រុមជំនាញបើកទ្វាររថយន្ត ក៏ឃើញឈើគ្រញូង ត្រូវគេរៀបចូលដល់ក្នុងរថយន្តតែម្ដង ដែលមានចំនួនសរុប៣០ផ្ទាំង ហើយសន្លឹកនីមួយៗ សុទ្ធតែមានសរសេរឈ្មោះដង្ខៅឈើ ជាភាសាខ្មែរ ផងដែរ។ សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ឈើនេះ ត្រូវបានក្រុមឈ្មួញថៃ ដឹកចេញពីតំបន់ឧទ្យានជាតិ ប៉ាងស៊ីដា ក្នុងខេត្តស្រះកែវ ក្នុងគោលបំណងឆ្ពោះឆ្លងដែន ចូលមកកាន់ប្រទេសកម្ពុជា តែជាអកុសលរថយន្តបានបែកកង់ខាងមុខ ក៏បានរេចង្កូតទៅបុកនឹងបង្គោលភ្លើងតែម្ដង។

បច្ចុប្បន្ន សមត្ថកិច្ចបានយកឈើទាំងនោះទៅរក្សាទុកនៅអង្គភាពការពារព្រៃឈើ ណងណាំសៃ ព្រមទាំងចាត់វិធានការយ៉ាងតឹងរឹង ដើម្បីតាមចាប់ខ្លួនអ្នកបើកបររថយន្តបង្ក យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

មតិយោបល់