ហ្គំប៊ី៖ ប្រធានាធិបតីដែលចង់គ្រប់គ្រងអំណាចឱ្យបាន ១០០០ ឆ្នាំ របស់ប្រទេសហ្គំប៊ី លោក Yahya Jammeh បានលួចលុយថវិកាជាតិអស់ ១១ លានដុល្លារ អាមេរិក ដើម្បីបានចាកចេញពីប្រទេសខ្លួនទៅកាន់ប្រទេសហ្គីណេ រួចទៅកាន់ប្រទេសទី៣ ក្រោយលោកចាញ់ការបោះឆ្នោតកាលពីធ្នូ ឆ្នាំ ២០១៦។
នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១៧។
លោក Mai Ahmad Fatty ទីប្រឹក្សារបស់ប្រធានាធិបតីថ្មី Adama Barrow បានឱ្យដឹងថា ថវិកាជាតិប្រមាណ ១១ លានដុល្លារ បានបាត់ក្នុងរយៈពេលពីរសប្តាហ៍ ក្រោយការចាកចេញរបស់លោក Yahya Jammeh ហើយលោក និងក្រុមអ្នកជំនាញហិរញ្ញវត្ថុ នឹងធ្វើការរួមគ្នាដើម្បីវាយតម្លៃការខាតបង់ពិតប្រាកដ។
ក្រុមមន្ត្រីអាកាសចរណ៍ស៊ីវិលបានឲ្យដឹងថា លោក Yahya Jammeh បានចេញដំណើរទៅកាន់ប្រទេសហ្គីណេ ដោយយន្តហោះផ្ទាល់ខ្លួនកាលពីថ្ងៃអាទិត្យ រួមជាមួយយន្តហោះដឹកទំនិញមួយផ្សេងទៀតដែលមានផ្ទុកទៅដោយរថយន្តទំនើប និងវត្ថុមានតំលៃផ្សេងទៀត។
ការសម្រេចចិត្តរបស់លោក Jammeh ត្រូវបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីហ្គីណេ លោក Alpha Conde និងប្រធានាធិបតីម៉ូរីតានី លោក Mohamed Ould Abdel Aziz បានទៅដល់រដ្ឋធានីបង់ហ្សុល កាលពីព្រឹកថ្ងៃសុក្រ ដើម្បីបញ្ចុះបញ្ចូលលោក Jammeh ឲ្យផ្ទេរអំណាចដោយសន្តិវិធី បើមិនដូច្នោះទេ លោកនឹងត្រូវចាកចេញពីប្រទេស ហើយលោកនឹងត្រូវប្រឈមនឹងចំណាត់ការផ្លូវយោធាអាហ្វ្រិកខាងលិចដែលមានសមាជិក ១៥ ប្រទេស ដែលហៅកាត់ថា ECOWAS វាយកម្ទេចតែម្តង។
ប្រធានាធិបតីហ្គំប៊ីថ្មី លោក Adama Barrow បានស្បថចូលកាន់តំណែងកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងស្ថានទូតហ្គំប៊ី ក្នុងប្រទេសសេណេហ្កាល់ បន្ទាប់ពីលោកមិនអាចស្បថចូលកាន់តំណែងនៅក្នុងរដ្ឋធានីនៃប្រទេសហ្គំប៊ីបាន ប៉ុន្តែឥឡូវលោក
នឹងវិលត្រឡប់វិញនាពេលឆាប់ៗនេះ ក្រោយកិច្ចប្រជុំមួយក្នុងប្រទេសសេណេហ្កាល់។
លោក Barrow និយាយថា លោកចង់បង្កើតគណៈកម្មាធិការជាតិមួយដើម្បីស៊ើបអង្កេតអំពីការរំលោភបំពានសិទ្ធិមនុស្សក្នុងអំឡុងពេលកាន់អំណាចរបស់អតីតប្រធានាធិបតីលោកYahya Jammeh ហើយនេះប្រហែលជាហេតុផលចម្បងមួយដែលធ្វើលោក Yahya Jammeh ចាកចេញពីប្រទេស។
សូមជំរាបថា ក្រោយលោក Yahya Jammeh បានគ្រប់គ្រងប្រទេសមួយនេះអស់រយៈពេល ២២ ឆ្នាំ ចាប់តាំងឆ្នាំ ១៩៩៤ មក ការរំលោភសិទ្ធិមនុស្ស ការចាប់អ្នកនយោបាយដាក់ពន្ធនាគារ មនុស្សជាច្រើននាក់បានបាត់ខ្លួនក្រោយ ការបង្រាបបាតុកម្មរបស់ក្រុមយោធា មានរាប់មិនអស់នៅទូទាំងប្រទេស៕
លោក Yahya Jammeh
លោក Adama Barrow (រូបកណ្តាល)
មតិយោបល់