ព័ត៌មានអន្តរជាតិ

អាមេរិក គ្រោងប្រើកម្លាំងយោធា ដើម្បីប្រឆាំងនឹងកូរ៉េខាងជើង

អាមេរិកៈ សេតវិមាន អាចនឹងមានគម្រោងប្រើកម្លាំងយោធា ដើម្បីប្រឆាំងនឹងប្រទេសកូរ៉េខាងជើង ខណៈដែលអាមេរិក និងកូរ៉េខាងត្បូង បានចាប់ផ្តើម ធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំប្រចាំឆ្នាំរបស់ខ្លួន កាលពីថ្ងៃពុធ ដោយស្របពេលជាមួយគ្នានេះដែរ មេដឹកនាំក្រុងព្យុងយ៉ាង លោកគីម ជុងអ៊ុន ក៏បានបញ្ជាឲ្យកងទ័ពរបស់ខ្លួន រៀបចំប្រុងជើងការឲ្យបានខ្ពស់ ដើម្បីប្រឆាំងនឹងកងកម្លាំងសត្រូវ។ នេះបើយោងតាមរយៈ សារព័ត៌មាន sputnik ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧។

របាយការណ៍ពី Wall Street Journal បានឲ្យដឹងថា សេតវិមានមានយុទ្ធសាស្ត្រថ្មីពីរ ដើម្បីទប់ទល់នឹងការគំរាមកំហែង របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដោយទី១ ផ្លាស់ប្តូរគោលនយោបាយ និងទី២ ប្រើប្រាស់កម្លាំងយោធា ។

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះដែរ ប្រធានាធិបតី លោក ដូណាល់ ត្រាំ ធ្លាប់បានប្តេជ្ញាក្នុងការ បញ្ឈប់សកម្មភាពក្រុងព្យុងយ៉ាងពីការសាកល្បងបាញ់មីស៊ីលផ្លោងឆ្លងទ្វីប ហើយក្រុមមន្ត្រីអាមេរិក ក៏បានគូសបញ្ជាក់ពីទំហំយោធា ដែលអាចនឹងប្រើប្រាស់ផងដែរ» នៅពេលនិយាយទៅកាន់អ្នកកាសែត។

កាលពីខែមុន មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីការធ្វើតេស្តបាញ់កាំជ្រួចមីស៊ីលឆ្លងទ្វីបដ៏មានសមត្ថភាព ជាមួយនឹងរយៈចម្ងាយ ៣.៤០០ ម៉ាយ ចូលទៅកាន់សមុទ្ររបស់ជប៉ុន ខណៈដែលលោក ត្រាំ បានជួបប្រជុំជាមួយនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ នៅអតីតរមណីយដ្ឋាន Mar-a-Lago ក្នុងរដ្ឋផ្លរីដា។

លោក អាបេ បានថ្លែងក្នុងសន្និសីទកាសែតរួមគ្នាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកថា «ការបាញ់បង្ហោះមីស៊ីលថ្មីបំផុតរបស់កូរ៉េខាងជើង គឺជារឿងមួយមិនអាចអត់ឱនឲ្យបាន»។

ក្នុងនោះដែរ លោក ត្រាំ បានបន្ថែមទៀតថា លោកចង់ឲ្យអ្នករាល់គ្នា បានដឹងយ៉ាងច្បាស់ថា សហរដ្ឋអាមេរិកនឹងឈរនៅពីក្រោយប្រទេសជប៉ុន ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន ១០០ ភាគរយ»។

សូមជំរាបថា ការធ្វើសមយុទ្ធរវាងកូរ៉េខាងត្បូង និងអាមេរិកនេះ តែងតែបង្កើនភាពតានតឹងនៅលើឧបទ្វីបកូរ៉េ ដោយក្រុងព្យុងយ៉ាងថ្មីៗនេះ បានលើកទ្បើងថា នឹងបន្តធ្វើតេស្តមីស៊ីលរបស់ខ្លួន ដល់ខែមេសា៕

មតិយោបល់