ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ព័ត៌មានក្តៅៗ ទូកបុរាណត្រូវបានប្រទះឃើញក្នុងភូមិបំពេញរាជ្យ មានអាយុ៨០៩ឆ្នាំ

ភ្នំពេញៈ នៅក្នុងឱកាសកិច្ចប្រជុំបច្ចេកទេសលើកទី២៦ នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួល ការគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រអង្គរ (ICC-Angkor) នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅនេះ លោកសាស្ត្រាចារ្យ Azedine Bechaouch លេខាធិការវិទ្យាសាស្ត្រនៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ បានប្រកាសថា ទូកបុរាណដែលបានប្រទះឃើញនៅក្នុងការដ្ឋានបូមខ្សាច់ ស្ថិតក្នុងភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ហើយត្រូវបានអាជ្ញាធរជាតិអប្សរាយកមករក្សាទុកបណ្តោះអាសន្ននៅក្នុងកសិណអង្គរវត្តកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ កន្លងមក មានកាលបរិច្ឆេទនៅឆ្នាំ១២០៧ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ពោល គឺមានអាយុកាល៨០៩ឆ្នាំហើយ។

លទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ត្រូវបានអ្នកជំនាញជាតិ និងអន្តរជាតិសម្តែងការអបអរសាទរ និងគាំទ្រយ៉ាងខ្លាំង ចំពោះការប្រទះឃើញនូវទូកបុរាណដ៏កម្រដំបូងបំផុត ដែលមានអាយុកាលចាស់ជាងគេក្នុងតំបន់អង្គរ។ លោកសាស្ត្រាចារ្យ Azedine Bechaouch បញ្ជាក់ថា អាយុកាលនេះ បានមកពីលទ្ធផលនៃការវិភាគនៅមន្ទីរពិសោធន៍ប្រទេសញូវហ្សេឡែនដោយប្រព័ន្ធវិទ្យាសាស្ត្រកាបូន១៤ ដែលមានភាពសុក្រឹតនិងច្បាស់បំផុត ហើយមានការទទួលស្គាល់ជាលក្ខណៈសកល។

បើតាមទម្រង់រូបរាងជាក់ស្តែងបានបញ្ជាក់ថា ទូកបុរាណដែលបានកប់ក្នុងដីជម្រៅ៧ម៉ែត្រនេះ ជាប្រភេទទូកឃ្លោង ធ្វើពីដើមគគីរមួយដើមទាំងមូល មានប្រវែង១២,៨៣ម៉ែត្រ។ ចំពោះទីតាំងដែលរកឃើញវិញ គឺជាអតីតស្ទឹងពួកចាស់ ជាប់នឹងស្ទឹងសៀមរាប ហូរទៅកាន់ស្រុកពួក។

លោក សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរាបានបញ្ជាក់បន្ថែមថា លទ្ធផលដែលទទួលបាននេះជាទិន្នន័យដ៏សំខាន់ ដែលមានគុណតម្លៃយ៉ាងខ្ពស់ចំពោះសាធារណជន និងអ្នកស្រាវជ្រាវ ដើម្បីឲ្យយល់កាន់តែច្បាស់អំពីអាណាចក្រខ្មែរ ជាពិសេសក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។ អាជ្ញាធរជាតិអប្សរា នឹងពិភាក្សាជាមួយអ្នកជំនាញជាតិ និងអន្តរជាតិ ដើម្បីធ្វើយ៉ាងណារកមធ្យោបាយតាំងពិព័រណ៍ឲ្យសាធារណជន ក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិ បានទស្សនា និងទទួលព័ត៌មានលម្អិតអំពីទូកបុរាណនេះ។

អាជ្ញាធរជាតិអប្សរានឹងពិចារណារកទីកន្លែង ដើម្បីតាំងបង្ហាញនៅសារមន្ទីរថ្មីដោយឡែក ឬសារមន្ទីរដែលមានស្រាប់ ដូចជាសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ និងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ឬតាំងចល័តឆ្លាស់គ្នា ដើម្បីឲ្យភ្ញៀវទាំងអស់បានទស្សនាទូកបុរាណផង បានទស្សនាពិព័រណ៍ផ្សេងៗក្នុងសារមន្ទីរទាំងនោះផង។ ក្នុងនោះដែរក៏ត្រូវបង្កលក្ខណៈងាយស្រួល ក៏ដូចជាកិច្ចការរក្សាសុវត្ថិភាព និងសន្តិសុខល្អ ដើម្បីអភិរក្ស រក្សាទម្រង់រូបរាងដើមរបស់ទូកឲ្យបានយូរអង្វែងទុកជាមតកបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ៕

មតិយោបល់