ភ្នំពេញៈ ប្រជាពលរដ្ឋមួយចំនួននៅក្នុងរាជធានីភ្នំពេញមិនព្រមបង់លុយលើសេវាប្រមូលសំរាមទៅឲ្យក្រុមហ៊ុន ស៊ីន ទ្រី ឡើយ ទោះបីវិក្កយប័ត្រលុយថ្លៃប្រមូលសំរាមនេះ ត្រូវបានក្រុមហ៊ុនយកទៅដាក់ក្នុងវិក្កយប័ត្រអគ្គិសនី ដើម្បីឲ្យជួយទារក៏ដោយចុះ រហូតមកដល់ពេលនេះទឹកប្រាក់ដែលប្រជាពលរដ្ឋមិនព្រមបង់មានប្រមាណ២០លានដុល្លារហើយ។ ប្រជាពលរដ្ឋបានឲ្យដឹងថា ដើមហេតុតែគាត់មិនព្រមបង់ថ្លៃសំរាមឲ្យក្រុមហ៊ុន គឺដោយសារតែសេវាប្រមូលសំរាមរបស់ក្រុមហ៊ុនមិនបានល្អ។
ពាក់ព័ន្ធនឹងបញ្ហានេះ ខាងក្រុមហ៊ុនបានស្នើឲ្យអាជ្ញាធររាជធានីភ្នំពេញជួយអន្តរាគមន៍ឲ្យប្រជាពលរដ្ឋដែលជំពាក់លុយក្រុមហ៊ុនទាំងនោះមកបង់លុយជំពាក់នេះមកឲ្យក្រុមហ៊ុនវិញ ដើម្បីយកលុយទាំងនេះមកបម្រើលើសេវាដឹកសំរាមនេះឲ្យកាន់តែប្រសើរឡើង។
ប្រធានក្រុមហ៊ុនប្រមូលសំរាម ស៊ីន ទ្រី បានលើកឡើងថា លើបញ្ហាសំរាមនេះ ខាងក្រុមហ៊ុនជាមួយអាជ្ញាធរខណ្ឌសហការគ្នាបានល្អប្រសើរហើយ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺកង្វះថវិកា ដោយសារតែមកដល់ពេលនេះ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ មិនព្រមបង់លុយឲ្យក្រុមហ៊ុន ស៊ីន ទ្រី ប្រមាណ២០លានដុល្លារទៅហើយ។ លើបញ្ហានេះខាងក្រុមហ៊ុនស្នើឲ្យអាជ្ញាធររាជធានីភ្នំពេញជួយអន្តរាគមន៍ ឲ្យប្រជាពលរដ្ឋដែលជំពាក់លុយក្រុមហ៊ុន ដើម្បីយកលុយទាំងនេះមកបម្រើលើសេវាដឹកសំរាមនេះវិញ។
ការលើកឡើងពីបំណុលដែលប្រជាពលរដ្ឋជំពាក់ក្រុមហ៊ុន ស៊ីន ទ្រី ដ៏ច្រើនសន្ធឹកសន្ធាប់នេះត្រូវបានប្រធានក្រុមហ៊ុន បង្ហាញឲ្យដឹង នឹងឲ្យអាជ្ញាធររាជធានីភ្នំពេញជួយអន្តរាគមន៍ ក្នុងកិច្ចប្រជុំលើការគ្រប់គ្រប់ ការប្រមូលសំរាម កាលពីព្រឹកថ្ងៃទី១៥ កញ្ញា នៅក្នុងសាលារាជធានី ក្រោមអធិបតីភាពលោក ប៉ា សុជាតិវង្ស អភិបាលរាជធានី និងមានការចូលរួមពីប្រធានក្រុមហ៊ុន ស៊ីន ទ្រី ជាមួយខណ្ឌទាំង៨ ដែលបានចុះហត្ថលេខាជាមួយក្រុមហ៊ុននេះកន្លងមក។
លោក ប៉ា សុជាតិវង្ស មានប្រសាសន៍លើកឡើងថា លើបញ្ហាសម្រាមនេះ វាល្មមដល់ពេលរួមគ្នាដោះស្រាយឲ្យទីក្រុងរបស់យើងស្អាតហើយ យើងមិនអាចបណ្តែតបណ្តោយតទៅទៀតទេ វាពិតជាប៉ះពាល់ខ្លាំងណាស់លើបញ្ហាសុខភាព សុខមាលភាពប្រជាពលរដ្ឋ។ចំពោះខណ្ឌ៤ទៀត លោក ប៉ា សុជាតិវង្ស ក៏បានជំរុញឲ្យរៀបចំឲ្យបានលឿន ដើម្បីឈានទៅចុះហត្ថលេខាលើការគ្រប់គ្រង ការទុកដាក់សម្រាមនេះជាមួយក្រុមហ៊ុន ស៊ីន ទ្រី បន្តឲ្យបានអស់ទាំង១២ខណ្ឌ។
ពាក់ព័ន្ធនឹងបំណុលដែលប្រជាពលរដ្ឋជំពាក់ក្រុមហ៊ុននេះ លោក ប៉ា សុជាតិវង្ស ក៏បានស្នើឲ្យក្រុមហ៊ុនសហការជាមួយខណ្ឌ ដើម្បីសម្របសម្រួលជាមួយប្រជាពលរដ្ឋដែលជំពាក់បំណុល ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកអភិបាលសុំកុំឲ្យការដោះស្រាយនោះក្តៅពេកនាំឲ្យប្រជាពលរដ្ឋទទួលយកមិនបាន យើងត្រូវអនុវត្តការដោះស្រាយបញ្ហានេះទៅតាមស្ថានភាពជាក់ស្តែង៕
មតិយោបល់