ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត ព្រឹត្តិការណ៍ សំខាន់ៗ

រដ្ឋមន្ត្រីក្រសួងវប្បធម៌ រិះគន់តារាសិល្បៈដែលបង្ហោះពាក្យអសុរសនៅលើហ្វេសប៊ុក

ភ្នំពេញៈ ក្នុងពិធីទទួលញត្តិថ្កោលទោសពាក់ព័ន្ធនឹងករណី កញ្ញា វ៉ាន់ នីឡា លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក ថៃ នរៈសត្យា រដ្ឋលេខាក្រសួង បានទទូចសុំឲ្យតារាសិល្បៈបញ្ឈប់ការប្រើពាក្យសម្ដីអសុរសជាសាធារណៈ ដោយក្រសួងចាត់ទុកថា នេះជាទង្វើនាំឲ្យប៉ះពាល់ដល់តម្លៃរបស់សិល្បៈ និងស្ត្រីខ្មែរ។ ក្រសួងក៏បានធ្វើការរិះគន់ដោយចំៗ ទៅកាន់តារាសិល្បៈមួយចំនួននៅក្នុងពិធីនោះ និងសុំឲ្យតារាសិល្បៈបញ្ឈប់រាល់ការប្រើប្រាស់ហ្វេសប៊ុកជាវេទិកាសាធារណៈសម្រាប់ឈ្លោះហែកហួរគ្នាបន្តទៀត។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា តារាសិល្បៈ គឺជាបុគ្គលដែលមានអំណោយផលពីធម្មជាតិលើសពីមនុស្សដែលមានអាជីពផ្សេង ដោយសារតែតារាទាំងនោះ មានទឹកដមសំឡេងល្អ និងមានរូបសម្រស់ស្រស់ស្អាត ទើបបានក្លាយជាតារាល្បី។ ដូច្នេះ លោកស្រីយល់ថា ជាការសោកស្ដាយប្រសិនបើតារាណាម្នាក់ បន្ទាបតម្លៃខ្លួនឯង ដោយសារតែរឿងចង់ឈ្នះចង់ចាញ់ ហើយបង្ហោះសំណេរអសុរសផ្សេងៗជាសាធារណៈ ដែលធ្វើឲ្យមានការប៉ះទង្គិចដល់តម្លៃអ្នកសិល្បៈទូទៅ។ លោកស្រីថា តារាសិល្បៈគួរតែប្រើពេលវេលាសិក្សាចំណេះវិជ្ជាឲ្យបានជ្រៅជ្រះបន្ថែមពីលើទេពកោសល្យដែលមានស្រាប់ ដើម្បីលោតឲ្យផុតនូវរឿងចង់ឈ្នះចង់ចាញ់ ហើយងាកមកគិតពីសេចក្ដីថ្លៃថ្នូររបស់ខ្លួនឡើងវិញ។

លោកស្រី រដ្ឋមន្ត្រី បន្ថែមទៀតថា ក្នុងនាមជាតារាមហាជន តារាគ្រប់រូប ត្រូវធ្វើជាគំរូនូវគ្រប់សកម្មភាព ដោយមិនមែនសម្អាងថា ជារឿងរបស់ខ្លួន ក៏ចេះតែតុបតែងខ្លួនស៊ិចស៊ីហួសហេតុ អាងតែជារឿងបុគ្គល ក៏បង្ហោះសំណេរអសុរសជាសាធារណៈឈ្លោះជាមួយអ្នកនេះជាមួយអ្នកនោះ ដោយមិនគិតពីផលប៉ះពាល់នោះឡើយ។ លោកបញ្ជាក់ថា «យើងម្នាក់ៗ សុទ្ធតែចង់ឲ្យមានការលើកតម្លៃដល់អ្នកសិល្បៈ ប៉ុន្តែបើអ្នកសិល្បៈខ្លួនឯង មិនលើកតម្លៃរបស់ខ្លួន គឺជារឿងសោកស្ដាយណាស់ ហើយខ្ញុំគិតថា មិនគួរសោះដែលតារាទៅឈ្លោះជាមួយមហាជន ទៅឈ្លោះជាមួយអ្នកសិល្បៈដូចគ្នា ដោយមានទាំងការប្រើពាក្យមិនសមរម្យនៅលើហ្វេសប៊ុក!»។ លោកស្រីក៏ទទូចឲ្យអ្នកសិល្បៈធ្វើការជជែកគ្នា ដោះស្រាយគ្នា ជាជៀងមាក់ងាយគ្នា និងប្រើសម្ដីចង់ឈ្នះចង់ចាញ់ ដែលនាំមហាជនទម្លាក់តម្លៃរបស់អ្នកសិល្បៈទាំងមូល ខណៈអ្នកខ្លះមិនបានប្រព្រឹត្ដដូចការចោទប្រកាន់នោះ។

មិនខុសគ្នាដែរ លោក ថៃ នរៈសត្យា រដ្ឋលេខាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានលើកថា តារាសិល្បៈ គួរកុំប្រើមធ្យោបាយចង់ឈ្នះចង់ចាញ់ ហើយធ្វើខ្លួនឲ្យមានការប៉ះពាល់ជាសាធារណៈ។ លោកថា ប្រសាសន៍របស់លោកស្រីរដ្ឋមន្ត្រី គឺជាការពញ្ញាក់អារម្មណ៍ធំមួយ ដើម្បីឲ្យតារាសិល្បៈចេះស្រឡាញ់តម្លៃខ្លួនឯង ហើយចេះស្វែងរកវិធីដោះស្រាយផ្សេង ដើម្បីកុំឲ្យមានការមើលស្រាលពីសំណាក់មនុស្សទូទៅ។ ក្រសួងវប្បធម៌ មិនមានចំណាត់ការចំពោះករណីតារាសិល្បៈឈ្លោះគ្នា និងតារាសិល្បៈប្រើពាក្យសម្ដីអសុរសមិនសមរម្យជាសាធារណៈដាក់គ្នានោះទេ ប៉ុន្តែលោកស្រី ភឿង សកុណា បានអះអាងថា ប្រសិនបើករណីដែលបានកើតវាមានកម្រិតធ្ងន់ធ្ងរ ហើយធ្វើឲ្យប៉ះពាល់ដល់តម្លៃអ្នកសិល្បៈខ្លាំងពេក នោះក្រសួងនឹងមានវិធានការដូចគ្នានឹងករណីដែលបានណែនាំទៅលើ ដេនី ក្វាន់ ដូច្នេះដែរ។

បន្ថែមពីលើការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ទាំងពីរ លោក សុះ ម៉ាច ក៏ទទូចសុំឲ្យតារាសិល្បៈចេះរម្ងាប់អារម្មណ៍ និងចេះធ្វើខ្លួនឲ្យមានតម្លៃឲ្យស្របនឹងប្រជាប្រិយភាពរបស់ខ្លួនផងដែរ។ លោកថា តារាសិល្បៈគួរងាកមករួបរួមគ្នា គាំទ្រករណីតារាគ្នាឯងមានទុក្ខ ជាជាងប្រើពេលឈ្លោះគ្នា ឬហែកហួរគ្នា ដែលនាំឲ្យតម្លៃរបស់អ្នកសិល្បៈ និងសង្គមចុះខ្សោយ។ ជាមួយគ្នានោះ លោកក៏បានប្រគល់ញត្តិពាក់ព័ន្ធនឹងការថ្កោលទោសជនអនាមិក ដែលបង្ហោះរូបអាក្រាតរបស់ វ៉ាន់ នីឡា ប្រគល់ជូនដល់ថ្នាក់ដឹកនាំក្រសួង ដោយខាងក្រសួងក៏បានប្រកាសថា នឹងជួយជំរុញផ្លូវច្បាប់ទៅកាន់ក្រសួងមហាផ្ទៃ ឲ្យជួយពន្លឿនលើករណីនេះ៕

មតិយោបល់