បន្ទាយមានជ័យៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តធុនធំ បើកទៅបុកកៀរម៉ូតូ១គ្រឿង បណ្តាលឲ្យរបួសធ្ងន់២នាក់ រួចរថយន្តមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុករថយន្ត១គ្រឿងទៀតសំណាងល្អ មិនបណ្តាលឲ្យមានមនុស្សគ្រោះថ្នាក់នោះទេ។
គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចលក់ក្រឡាន ក្នុងភូមិគោកទន្លាប់ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី រស់ សំបូរ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី បានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តម៉ាកហីយ៉ាន់ដាយ ពណ៌ស ធុនធំ គ្មានស្លាកលេខ បើកដោយឈ្មោះ ហ៊ាន វាសនា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិគោកអំពិល ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បើកពីត្បូងទៅជើងលុះបើកមកដល់ចំណុចកើតហេតុបានរេចង្កូតទៅបុកកៀរម៉ូតូម៉ាកហុងដា ធុនសេ100ពណ៌ ក្រហម ពាក់ស្លាកលេខ ក0363 បន្ទាយមានជ័យ1 បើកបរដោយឈ្មោះ ដួង សង្ហា ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិគោកស្រុក ឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ឌុបប្រពន្ធឈ្មោះ លីវ ស៊ុ អាយុ៤៦ឆ្នាំ បើកពីត្បូងទៅជើងស្របទិសគ្នា បណ្ដាលឲ្យម៉ូតូដួលបោកទៅលើថ្នល់ជាតិធ្វើឲ្យ២នាក់ប្ដីប្រពន្ធរងរបួសធ្ងន់ ហើយរថយន្តបង្កបានបើករត់រហូតទៅដល់រង្វង់មូលយាយជីច្រូតស្រូវ ក៏បានបន្តទៅបុកនិងរថយន្ត១គ្រឿងទៀតម៉ាកតូយូតា តាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AD-8470 ម្ចាស់ឈ្មោះ ងុយេន វ៉ឹកង៉ឹន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅ សង្កាត់ដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាបុគ្គលិកក្រុមហ៊ុនមិត្តហ្វូន ដែលឈប់នៅស្ងៀម។
លោកវរសេនីយ៍ត្រី រស់ សំបូរ បានបញ្ជាក់ទៀតថា ក្រោយពីកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ដើម្បីសង្គ្រោះជីវិតភ្លាមៗផងដែរ។
ចំណែកឈ្មោះ ហ៊ាន វាសនា អ្នកបើកបររថយន្តបង្ក ត្រូវបានឃាត់ខ្លួនហើយទាំងវត្ថុតាងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕
មតិយោបល់