ភ្នំពេញៈ នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងសណ្ដាប់ធ្នាប់សង្កាត់ភ្នំពេញថ្មី ក្រោមបញ្ជាពីលោក ប៉ឹល កុសល អភិបាលនៃគណអភិបាលខណ្ឌសែនសុខ បញ្ជាមកលោក ជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មីបានដឹកនាំចុះបង្ក្រាបទីតាំងលេងហ្គេមអនឡាញមួយកន្លែង ដែលស្ថិតក្នុងភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ប្រភពបានឲ្យដឹងថា ការចុះចាប់នោះ ម្ចាស់ទីតាំងមិនត្រូវបានឃាត់ខ្លួនទេ គ្រាន់តែរឹបអូសបានតែសម្ភារៈហ្គេមមួយចំនួន និងឃាត់ក្មេងតូចៗបាន១២នាក់។ ចំណែកក្មេងៗញៀនហ្គេមអនឡាញចំនួន១២នាក់ (សុទ្ធតែមិនទាន់គ្រប់អាយុ) មកអប់រំនៅសាលាសង្កាត់ភ្នំពេញថ្មី និងហៅអាណាព្យាបាលមកធានា និងធ្វើកិច្ចសន្យាអប់រំ ទើបឲ្យវិលត្រឡប់ទៅផ្ទះវិញ។
ពលរដ្ឋពិតជាមានការសាទរចំពោះចំណាត់ការរបស់លោកអភិបាលខណ្ឌសែនសុខ និងសំណូមឲ្យលោកមេត្តាជួយបោសសម្អាតទីតាំងហ្គេមអនឡាញឲ្យអស់ផងក្នុងខណ្ឌសែនសុខនេះ ពីព្រោះនៅមានច្រើនកន្លែងទៀត៕














មតិយោបល់