រុស្ស៊ី: ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានឱ្យដឹងនៅថ្ងៃពុធនេះនៅក្នុងការសន្ទនាតាមទូរស័ព្ទមួយជាមួយសមភាគី តួកគីរបស់លោក Recep Tayyip Erdogan ថា ប្រទេសរុស្ស៊ីត្រៀមខ្លួនជាស្រេចដើម្បីចាប់ផ្តើមស្តារនូវទំនាក់ទំនងរបស់ខ្លួន ជាមួយប្រទេសតួកគី ឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៩ មិថុនា ឆ្នាំ២០១៦នេះ។
មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាក្នុងការពិចារណាពីលទ្ធភាពនៃកិច្ចប្រជុំទៅមុខនាពេលអនាគត នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់វិមាន ក្រឹមឡាំង។
ការហៅទូរស័ព្ទរវាងភាគីទាំងពីរបានធ្វើឡើងបន្ទាប់ពីលោក Erdogan បានផ្ញើសារសុំទោសមួយទៅលោកពូទីនកាលពីថ្ងៃចន្ទ ចំពោះការបាញ់ទម្លាក់ យន្តហោះចំបាំងរបស់ប្រទេសរុស្ស៊ីក្នុងខែវិច្ឆិកាកាលពីឆ្នាំមុនហើយបានសម្តែងការត្រៀមខ្លួនរួចរាល់របស់លោកដើម្បីជួសជុលទំនាក់ទំនងបន្ទាប់ពីឧប្បត្តិហេតុនេះ។
មេដឹកនាំរបស់ប្រទេសរុស្ស៊ីបាននិយាយថា លោកបានណែនាំរដ្ឋាភិបាលឱ្យចាប់ផ្តើមការចរចារជាមួយអាជ្ញាធរតួកគីដើម្បីស្ដារឡើងវិញនូវកិច្ច សហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មសេដ្ឋកិច្ចនិងវិស័យដទៃទៀត។
លោកពូទីនបានសម្តែងការចូលរួមរំលែកលើការវាយប្រហារភេរវកម្មកាលពីថ្ងៃអង្គារនៅឯព្រលានយន្តហោះ Ataturk ទីក្រុង Istanbul ដែលបានអះអាងថា យ៉ាងហោចណាស់ ៤១ នាក់បានស្លាប់ ហើយភាគីទាំងពីរបានសង្កត់ធ្ងន់ពីតម្រូវការក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ អន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងនៃអំពើភេរវកម្មផងដែរ៕

មតិយោបល់