ភ្នំពេញៈ “ថ្ងៃនេះតាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា សូមប្តេជ្ញាចិត្តចំពោះបងប្អូនប្រជាសហគមន៍ទាំងអស់ ក្នុងការថែរក្សា ការពារព្រៃឈើ សត្វព្រៃ និងជីវៈចម្រុះក្នុងតំបន់ព្រៃឡង់ និងតំបន់ព្រៃការពារផ្សេងទៀត”នេះគឺជាការលើកឡើងរបស់លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាឱកាសជួបសំណេះសំណាលជាមួយតំណាងប្រជាសហគមន៍ព្រៃឡង់ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ ក្នុងភូមិសាស្រ្តឃុំមានរិទ្ធិ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
ហ្វេសប៊ុកក្រសួងបរិស្ថាន ដែលចេញផ្សាយនៅមុននេះប៉ុន្មាននាទី បានបន្តឲ្យដឹងទៀតថា លោកមរដ្ឋមន្រ្តីបរិស្ថានរូបនេះ ក៏បានអំពាវនាវដល់រដ្ឋបាលមូលដ្ឋាន ខេត្ត ស្រុក កងកម្លាំងប្រដាប់អាវុធ មន្រ្តីឧទ្យានុរក្ស រដ្ឋបាលព្រៃឈើ សង្គមស៊ីវិល អង្គការដៃគូពាក់ព័ន្ធ និងបងប្អូនប្រជាសហគមន៍ សូមរួមគ្នាថែរក្សា ការពារព្រៃឈើ និងសត្វព្រៃទាំងអស់គ្នា ព្រោះកិច្ចការងារនេះ មិនមែនជាភារកិច្ចរបស់រាជរដ្ឋាភិបាលតែមួយនោះទេ ប៉ុន្តែវាជាភារកិច្ចរួមរបស់យើងទាំងអស់គ្នាដែលត្រូវរួមគ្នាធ្វើ។ ជាងនេះ ទៅទៀត លោករដ្ឋមន្ត្រីក៏បានលើកឡើងអំពីវឌ្ឍនភាពការងារធ្វើកំណែទម្រង់លើវិស័យព្រៃឈើ ដោយលោកក៏បានបញ្ជាក់អំពីការពិគ្រោះយោល់លើការច្របាច់បញ្ចូលគ្នានូវតំបន់ព្រៃការពាររបស់ក្រសួងបរិស្ថាន និងតំបន់ព្រៃការពារដែលទើបផ្ទេរពីក្រសួងកសិកម្មឲ្យមកស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថានវិញ រួមនឹងការពិគ្រោះយោបល់លើការរៀបចំឲ្យមានលិខិតបទដ្ឋានគតិយុត្តិ ទាក់ទងនឹងការចូលរួមរបស់ប្រជាពលរដ្ឋលើការការពារព្រៃឈើ។
ទន្ទឹមនឹងនោះ លោក សាយ សំអាល់ ក៏បានជម្រាបជូនបងប្អូនប្រជាសហគមន៍ផងដែរ អំពីការពង្រឹងការត្រួតពិនិត្យវាយតម្លៃគម្រោងវិនិយោគអភិវឌ្ឍន៍សម្បទានដីសេដ្ឋកិច្ច និងការដោះស្រាយផលប៉ះពាល់ទៅលើប្រជាពលរដ្ឋ ការទប់ស្កាត់បទល្មើសព្រៃឈើ និងការពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រង ការបែងចែកតួនាទីភារកិច្ចឲ្យដាច់ពីគ្នារវាងស្ថាប័ អភិរក្សនិងស្ថាប័នអភិវឌ្ឍ និងការគ្រោងរៀបចំរបៀងជីវៈចម្រុះ ដើម្បីធានាប្រសិទ្ធភាពការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព៕
មតិយោបល់