ស្វាយរៀងៈ លោកឧត្តមសេនីយ៍ត្រី ភោគ សុខុន ស្នងការរងនគរបាលខេត្តទទួលផែនសណ្តាប់ធ្នាប់ និងចរាចរណ៍ខេត្តស្វាយរៀងបានធ្វើការជំរុញដល់អាជ្ញាធរមូលដ្ឋាន និយោជក សហជីព ត្រូវចូលរួមបង្កើនការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដល់កម្មករកម្មការិនី និងអ្នកបើកបររថយន្តដឹកកម្មករនៅតាមរោងចក្រសហគ្រាសទូទាំងខេត្តស្វាយរៀង។
ការលើកបែបនេះក្នុងឱកាសដែលលោកអញ្ជើញចូលរួមផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកនៅតំបន់សេដ្ឋកិច្ចពិសេសមេហាធេន ក្រុងបាវិត ដែលមានអ្នកបើករថយន្តដឹកកម្មករចូលរួមប្រមាណ១៦៤នាក់។
លោក ភោគ សុខុន បានបន្ថែមទៀតថា ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកចំពោះកម្មករ-កម្មការិនី គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមធ្វើការអំពាវនាវដល់ប្រកបរបរដឹកកម្មករកម្មការនី គប្បីប្រើប្រាស់រថយន្តដឹកអ្នកដំណើរប្រភេទតួរីស ឬបឺសដែលមានលក្ខណៈសុវត្ថិភាពជាងប្រភេទរថយន្តដទៃទៀត ដើម្បីដឹកកម្មករកម្មការិនីដោយអង្គុយតាមកៅអីក្នុងរថយន្ត និងមិនត្រូវផ្ទុកលើដំបូលជាដាច់ខាត។
ហើយគប្បីកាត់បន្ថយឲ្យបានអតិបរមានូវការដឹកកម្មករកម្មការិនីតាមរថយន្តដឹកទំនិញ ដោយឈរណែនណាន់តានតាប់លើសចំណុះ ឬតាមទោចក្រយានយន្តសណ្តោង រ៉ឺម៉កដែលមានហានិភ័យខ្ពស់ងាយកើតមានគ្រោះថ្នាក់ ដូចដែលពេលកន្លងមកមានករណីគ្រោះថ្នាក់ចរាចរណ៍មួយៗលើក បណ្តាលឲ្យកម្មករកម្មការិនីទទួលរងគ្រោះថ្នាក់ជាច្រើន៕
មតិយោបល់