ភ្នំពេញៈ ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋសហព័ន្ឋអាល្លឺម៉ង់ លោក Joa Chim Baron Von Marschall បានអះអាងថា ប្រទេសរបស់ខ្លួន ក៏ធ្លាប់ឆ្លងកាត់សោកនាដកម្មអតីតកាលដ៏ជូរចត់ដូចកម្ពុជា ជួបប្រទះសោនាដកម្មក្នុងរបបខ្មែរក្រហមដែរ។ លោកលើកឡើងបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦នេះ នៅវិមានសន្តិភាព រាជាធានីភ្នំពេញ។
ទំព័រហ្វេសប៊ុកសម្ដេច ហ៊ុន សែន នៅមុននេះបន្តិចឲ្យដឹងថា លោកអគ្គរដ្ឋទូត Joa Chim Baron Von Marschall បន្ទាប់ពីបានថ្លែងអំណរគុណសម្ដេចតេជោ ក៏ដូចរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រ និងសហការជាមួយលោកក្នុងពេលបំពេញបេសកកម្មការទូតអស់រយៈពេល៣ឆ្នាំ ដោយទទួលបានជោគជ័យជាបន្តបន្ទាប់ផងនោះ លោកបានសង្កេតឃើញមានចំណុចមួយចំនួន ដែលប្រទេសទាំងពីរ មានស្ថានភាពដូចគ្នាក្នុងដំណាក់កាលកសាង និងស្ថាបនាប្រទេសជាតិ។ លោកថា ចំណុចដូចគ្នានោះ គឺដូចជា ទី១-ប្រទេសទាំងពីរ ក្រោយពីបញ្ចប់សង្រ្គាម គឺបានធ្វើការបង្រួបបង្រួមជាតិដូចគ្នាកាលពីជាង២៥ឆ្នាំកន្លងទៅ ទី២-គឺបានឆ្លងកាត់នូវសោកនាដកម្មពីអតីតកាលដូចក្នុងជំនាន់ខ្មែរក្រហម និងទី៣-ការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ទៅលើយុវជន និងការបណ្តុះបណ្តាលអប់រំធនធានជាយុវជនជាដើម។
សម្តេចតេជោ ហ៊ុន សែន បានទទួលស្គាល់នូវដំណាក់កាលនីមួយៗ នៃការកសាងប្រទេស ដែលអម្រែកបញ្ហាដ៏ធ្ងន់ទាំងនេះ គឺបានបន្សល់ទុកពីអតីតកាល ដែលយើងត្រូវខិតខំធ្វើជាបន្ត ជាពិសេសជំរុញការអភិវឌ្ឍន៍ធនធានមនុស្ស។
សម្តេចតេជោ ក៏បានបន្ថែមថា សម្ដេចពេញចិត្តយ៉ាងខ្លាំងដែលបានឃើញយុវជនយុវនារីសព្វថ្ងៃ ស្រេកឃ្លានចំណះដឹង ព្រោះធនធានមនុស្សនៅកម្ពុជា ត្រូវបានបំផ្លាញចោលស្ទីរផុតរលត់ទាំងស្រុងនៅក្នុងរបបប៉ុលពត។ សម្ដេចថា ទោះបីយើងមានគម្រោងការល្អយ៉ាងណាក៏ដោយ បើគ្មានធនធានមនុស្សទេនោះ គឺយើងមិនអាចអនុវត្តផែនការដ៏ល្អនោះបានឡើយ។ ទន្ទឹមនឹងការកើនឡើងបរិមាណធនធានមនុស្សនៅកម្ពុជា នាពេលបច្ចុប្បន្នកាលនេះ គឺយើងត្រូវតែខិតខំពង្រឹងគុណភាពអប់រំឲ្យកាន់តែប្រសើរឡើង។
សម្តេចតេជោ ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ និងលោក Joa Chim Baron Von Marschall ដែលតែងតែយកចិត្តទុកដាក់ជួយដល់កម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ហើយបានជំរុញទំនាក់ទំនង និងសហប្រិត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើង។ សម្តេចតេជោ ក៏សង្ឃឹមដែរថា ការចាកចេញនៃចក្រភពអង់គ្លេស ពីសហគមអឺរ៉ុប គឺនឹងមិនប៉ះពាល់ដល់កម្ពុជាឡើយ៕
មតិយោបល់