ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: សមត្ថកិច្ចថា ជនរងគ្រោះបានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីពេទ្យ បន្ទាប់ពីជនល្មើសបាញ់ប្លន់ នៅស្រុកឱរា៉ល់

(កំពង់ស្ពឺ): គិតត្រឹមមោ៉ង៩:៥០នាទីយប់នេះ មានសេចក្តីរាយការណ៍មកថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ បន្ទាប់ពីបញ្ជូនដល់មន្ទីពេទ្យ ក្រោយពីជនល្មើសបាញ់ប្លន់នៅស្រុកឱរា៉ល់ ។
មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោក ឧត្តមសេនីយ៍ ជូ សារុន បានប្រាប់Post News នៅមុននេះបន្តិចថា ជនរងគ្រោះត្រូវជនល្មើសបាញ់សម្លាប់ ក្រោយពីប្លន់ផ្ទះអ្នកលក់មាសនៅស្រុកឱរា៉ល់ ។

បើតាមលោកឧត្តមសេនីយ៍ ជូ សារុន នៅវេលាមោ៉ង៨យប់ថ្ងៃទី១៥មេសា ២០១៦ នៅខាងកើតផ្លូវលេខ៤៤ ចម្ងាយ៤០ម៉ែត្រ ស្ថិតនៅភូមិជំនាប់ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានករណីប្លន់មួយ បានកើតឡើង ដោយជនសង្ស័យ មានគ្នា៣នាក់ ស្លៀកពាក់ឯកសណ្ឋានប៉ារ៉ា ប្រដាប់ដោយអាវុធវែងខ្លី ចំនួន៣ដើម AK២ដើម អាវុធខ្លី១ដើម បានសម្រុកចូលប្លន់ផ្ទះ អ្នកលក់មាស ឈ្មោះ ទី ជឿន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរលក់មាសនៅផ្សារកន្ទួត ស្រុកឱរ៉ាល់ ប្រពន្ធ ឈ្មោះ វឿន ណាត មានកូនចំនួន០២នាក់ ស្រី០១ប្រុស០១ ។

បើតាមលោក មេបញ្ជាការ នៅក្នុងហេតុការណ៍ប្លន់នោះ ជនសង្ស័យបានបាញ់ចំនួន៣គ្រាប់ បណ្តាលឲ្យត្រូវជនរងគ្រោះ១គ្រាប់ ចំ ពោះ ធ្លាយទៅខ្នង។ ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យឈ្នួល ខេត្តកំពង់ស្ពឺ ប៉ុន្តែអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ ក្រោយពេលបញ្ជូនដល់មន្ទីពេទ្យ។

បច្ចុប្បន្ន សាកសពត្រូវក្រុមគ្រួសារ បានបញ្ជូនមកលំនៅដ្ឋានវិញ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។ 

ក្នុងករណីខាងលើនេះ សមត្ថកិច្ចបញ្ជាក់ថា ពុំមានបាត់បង់សម្ភារះអ្វីទាំងអស់។ ដោយពេលនេះកំលាំង មន្ទីរយុត្តិធម៏ និង អាវុធហត្ថស្រុកឱរ៉ាល់ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធ បាននិងកំពុងស្រាវជ្រាវ រកជនសង្ស័យ និងកសាងសំណុំរឿង ដើម្បីចាត់ការទៅតាមនីតិវិធី។

  
  
  
  
  
  
  
 
 

មតិយោបល់