ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត ព្រឹត្តិការណ៍ សំខាន់ៗ

វ៉ាន់ នីឡា ចេញទៅអូស្រាលី នៅថ្ងៃនេះហើយ

ភ្នំពេញៈ កញ្ញា វ៉ាន់ នីឡា នឹងចាកចេញពីកម្ពុជា ធ្វើដំណើរឆ្ពោះទៅប្រទេសអូស្ត្រាលី នៅវេលាម៉ោងជាង៦ល្ងាច ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦នេះ តាមការគ្រោងទុករបស់ខ្លួន ដើម្បីធ្វើការសម្ដែងជាលើកទី១ នៅលើទឹកដីបរទេស។ យ៉ាងណាមិញ ការចេញដំណើររបស់នាងនៅពេលនេះ គឺបន្ទាប់ពីទទួលបានការអនុញ្ញាតពីមេធាវី ខណៈដែលពេលវេលាត្រឡប់មកវិញ មិនទាន់ត្រូវបានកំណត់។

ភ្នាក់ងារ Post News រាយការណ៍ពីអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ឲ្យដឹងថា តារាចម្រៀងផលិតកម្ម Phleng Record កញ្ញា វ៉ាន់ នីឡា និងក្រុមការងាររួមសម្ដែង បានទៅដល់អាកាសយាន្តដ្ឋានភ្នំពេញ នៅវេលាម៉ោងជាង៣រសៀលនេះ ដើម្បីធ្វើការត្រួតពិនិត្យមុនពេលឡើងយន្តហោះចេញទៅអូស្ត្រាលី។

វ៉ាន់ នីឡា ឲ្យដឹងថា ក្រោយការជជែកគ្នាយ៉ាងលម្អិត មេធាវីរបស់នាងបានសម្រេចឲ្យនាងអាចធ្វើដំណើរទៅសម្ដែងនៅក្នុងប្រទេសអូស្រ្តាលី តបតាមការធានារបស់សមាគមខ្មែរ នៅក្នុងប្រទេសនោះ ដែលស្នើនាងឲ្យចេញទៅច្រៀងតាំងពីមិនទាន់មានរឿង។ នាងត្រូវបានអនុញ្ញាតឲ្យចាកចេញទៅអូស្រ្តាលី បន្ទាប់ពីនាងបានប្រគល់ភស្ដុតាង និងបញ្ជាក់ខ្លឹមសារយ៉ាងលម្អិត ពាក់ព័ន្ធនឹងរឿងប្ដឹងផ្ដល់ និងបានប្រគល់សិទ្ធិឲ្យមេធាវីបំពេញកិច្ចការជំនួសមុខនាងលើពាក្យបណ្ដឹងទាំងស្រុង។

តាមគម្រោង វ៉ាន់ នីឡា នឹងសម្ដែងនៅប្រទេសអូស្រ្តាលី រយៈពេលមួយខែ ដោយចាប់ពីយប់ថ្ងៃទី៩ ខែកក្កដា គឺជាយប់បើកឆាកនៃការសម្ដែងតែម្ដែង។ តារាដែលរួមដំណើរនៅក្នុងគម្រោងនេះ រួមមានលោក អាន គុណកូឡា លោក អេឡិច ចន្ត្រា កញ្ញា អេមី និងកញ្ញា ធីតា ជាដើម។

បើតាមព័ត៌មានពីអូស្ត្រាលី មានអ្នកគាំទ្រនៅទីនោះ បានទិញសំបុត្រទន្ទឹងរង់ចាំមើលការសម្ដែងរបស់នាងច្រើន បន្ទាប់ពីម្នាក់ៗ បានស្គាល់នាងច្បាស់តាមរយៈព័ត៌មានចុងក្រោយ៕

មតិយោបល់