ភ្នំពេញ៖ បើតាមផេកហ្វេសប៊ុក លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរថា ទន្ទឹមនឹងយើងអបអរសាទសប្បាយរីករាយបុណ្យចូលឆ្នាំថ្មីអស់រយះពេល៣ថ្ងៃកន្លងមកនេះ ក៏យើងទាំងអស់គ្នានៅចងចាំជានិច្ច ថ្ងៃទី ១៧ មេសា ១៩៧៥ នៅពេលដែលខ្មែរក្រហម ចូលកាន់កាប់ប្រទេសអស់រយះពេល ៣ឆ្នាំ ៨ ខែ ២០ ថ្ងៃ ដែលពួកគេបាននិយាយថាផ្លាស់ប្តូរបបប្រទេសទៅរកយុត្តិធម៌ សមធម៌ លទ្ឋិប្រជាធិបតេយ្យ និងវឌ្ឍនៈភាពសង្គម។ តែការពិតគឺពួកគេបានបង្អត់អាហារ បង្ខំពលរដ្ឋឲ្យធ្វើការគ្មានពេលសម្រាក និងបានធ្វើឲ្យប្រជាពលរដ្ឋរាប់លាននាក់បានស្លាប់យ៉ាងវេទនាបំផុត។
គិតមកទល់ថ្ងៃនេះ គឺមានរយៈពេល ៤១ ឆ្នាំគត់ (១៧មេសា ១៩៧៥-១៧ មេសា ២០១៦)។ នៅពេលប្រទេសជាតិធ្លាក់ក្នុងរបបប្រល័យពូជសាសន៍នៅពេលនោះ គឺមិនត្រឹមតែគ្មានថ្ងៃអបអររីករាយថ្ងៃចូលឆ្នាំឡើយ គឺសូមបីតែថ្ងៃទទួលទានអាហារមួយចម្អែតជាមួយក្រុមគ្រួសារក៏គ្មានដែរ។ សិទ្ឋិជាមូលដ្ឋានរបស់ពលរដ្ឋគឺត្រូវបានដកចេញទាំងស្រុងដោយរបបនេះ ហើយការផ្លាស់ប្តូរពីសន្តិភាពទៅ រកសង្រ្គាមគឺបានបំផ្លាញកម្ពុជាស្ទើរវិនាសហិនហោច។
ពេលនេះប្រទេសជាតិយើងមានសុខសន្តិភាព គឺយើងមានឱកាស និងមានអ្វីៗគ្រប់យ៉ាង។ សូមពលរដ្ឋចូលរួមថែរក្សាសន្តិភាពឲ្យនៅថិតឋេរគង់វង្សដើម្បីប្រទេសជាតិយើងកាន់តែរីកចម្រើនរុងរឿងលឿនទៅមុខ។
សូមជូនពរបងប្អូនជនរួមជាតិជួបប្រទះតែសំណាងល្អ និងជោគជ័យក្នុងជីវិតគ្រប់ៗគ្នានៅក្នុងឆ្នាំថ្មីនេះ ៕
ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ
មតិយោបល់