ភ្នំពេញៈ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៣ កក្កដានេះ សាលាដំបូងរាជធានីភ្នំពេញ ក្រោយពីការសួរចម្លើយ ការពិនិត្យឯកសារ និងភស្តុតាងនៅក្នុងសំណុំរឿងឃាតកម្មទៅលើលោកបណ្ឌិត កែម ឡី ពីសំណាក់ជនដៃដល់ជាឃាតកដាក់ឈ្មោះខ្លួនឯងថា ជួប សម្លាប់ នោះរួចមក តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ទៅលើជនល្មើស(ជនដៃដល់) ចំនួនពីរបទល្មើស គឺចោទពីបទឃាតកម្មគិតទុកជាមុន និងបទកាន់កាប់អាវុធគ្មានការអនុញ្ញាត តាមមាត្រា២០០និងមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ។
ជាមួយគ្នានោះដែរ តំណាងអយ្យការក៏បានចោទប្រកាន់លើបុគ្គល ដែលបានលក់អាវុធឲ្យជនល្មើស(ជនដៃដល់)នេះផងដែរ ដោយចោទពីបទ លក់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ។
យោងតាម២០០ ច្បាប់នៃក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា បានឲ្យថឹងថា ឃាតកម្មគិតទុកជាមុន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ។ ដោយឡែក មាត្រា៤៩០ ពីបទ កាន់កាប់ឬ ដឹកជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាត ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ ពី១លានទៅ៦លានរៀល ។
តាមសេចក្តីរាយការណ៍បានបញ្ជាក់ថា សំណុំរឿងនេះត្រូវបានតំណាងអយ្យការ បញ្ជូនទៅចៅក្រមសើបសួរ ដើម្បីចាត់ការបន្តតាមនីតិវិធី។
ពាក់ព័ន្ធទៅនឹងការចោទប្រកាន់នេះ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក លី សុផាណា បានបញ្ជាក់ថា យើងសម្រេចចោទប្រកាន់តាមសាវតាជាតិ ដែលជនល្មើស (ជនដៃដល់) បានបញ្ជាក់សិននៅដំណាក់កាលនេះ ហើយយើងនឹងធ្វើការស្រាវជ្រាវសាវតាជាតិនេះ ឲ្យបានច្បាស់លាស់តាមនីតិវិធីនៅដំណាក់កាលបន្តទៀត ដែលមានរយៈពេលគ្រប់គ្រាន់សម្រាប់កិច្ចការនេះ។
គួរបញ្ជាក់ផងដែរថា លោកបណ្ឌិត កែម ឡី អ្នកវិភាគឯករាជ្យ ត្រូវបានឃាតកដៃឆៅបាញ់ប្រហារយ៉ាងសាហាវនៅក្នុងស្តាម៉ាតកាល់តិចបូកគោកាលពីវេលាម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ បណ្តាលឲ្យលោកស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាម។ ចំណែកឃាតកដៃឆៅក៏ត្រូវកម្លាំងសមត្ថកិច្ចតាមចាប់បានភ្លាមៗផងដែរ៕
មតិយោបល់