ព័ត៌មានជាតិ

ជនបរទេសម្នាក់ លង់ទឹកបឹងហ្គាឡូត៍កម្សាន្ត ហាយថាយ ស្លាប់រកសពពុំទាន់ឃើញ ក្រុងកំពត!!

កំពត: ជនបរទេសម្នាក់ បានហក់ទឹកព្រែកហែលលេងយ៉ាងសប្បាយ តែម្នាក់ឯង ហើយត្រូវលិចបាត់ស្រមោលគ្មានដំណឹង។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅវេលាម៉ោង៩ ព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចបឹងហ្គាឡូត៍កម្សាន្ត ហាយថាយ ស្ថិតក្នុងភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។

បើតាមនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះដែលបានលង់ទឹកស្លាប់ខាងលើ នៅពុំទាន់ដឹងអត្តសញ្ញាណច្បាស់លាស់នៅឡើយទេ ព្រោះពុំមានឯកសារសម្គាល់ខ្លួន តែបើតាមប្រភពពីមិត្តភក្តិជនរងគ្រោះបានឲ្យដឹងថា មានឈ្មោះ ស្តេវិន គ្រីសហ្វីត (Steven Griffiths) ភេទប្រុស អាយុប្រហែល ២១ ឆ្នាំ ជាជនជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ 523344742 ហើយបានមកស្នាក់នៅទីតាំងខាងលើប្រមាណជា២សប្តាហ៍មកហើយ។

ប្រភពដដែលបន្តថា មុនពេលកើតហេតុ ជនរងគ្រោះហក់ទឹកព្រែកលេង រូបគេបានអង្គុយផឹកកាហ្វេ និងជជែកគ្នាលេងមួយព្រឹកធំ ហើយខណ:ដែលមានភ្លៀងតិចៗផង រូបគេបានចុះងូតទឹក លេងយ៉ាងសប្បាយ ដោយមានជិះពោងថែមទៀតផង តែខណ:ដែលកំពុងហែលលេង និងជិះពោង ស្រាប់តែរូបគាត់លិចចូលក្នុងទឹក នៅសល់តែចុងដៃ បក់ឲ្យគេជួយ ភ្លាមៗនោះម្ចាស់ហាងចំនួន២នាក់បានហក់ទឹកទៅជួយ តែជាអកុសល្យ ទម្រាំហែលដល់ និងសភាពការមានទឹកហូរផងនោះ បានធ្វើឲ្យជនរងគ្រោះលិច និងរសាត់បាត់ក្នុងផ្ទៃទឹកដ៏ធំល្វឹងល្វើយបាត់ស្រមោល។

រហូតមកដល់ពេលនេះ សមត្ថកិច្ចនិងពលរដ្ឋបាននាំគ្នា ចែកទូកតាមរកសាកសព តែនៅតែមិនទាន់បានដំណឹងនៅឡើយ៕

មតិយោបល់