ភ្នំពេញៈ បុរសម្នាក់ ដែលគេស្គាល់ថា ជាបុគ្គលិករបស់ក្រុមហ៊ុនបុរី ហាយលែន ត្រូវប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅក្នុងបរិវេណដីរបស់ក្រុមហ៊ុន ស្ថិតនៅចំណុចភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ករណីនេះ សមត្ថកិច្ចសង្ស័យថា ជាអំពើឃាតកម្ម។
សមត្ថកិច្ច ឲ្យដឹងថា នៅវេលាម៉ោងជាង៦ព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ មានការភ្ញាក់ផ្អើល បន្ទាប់ពីសាកសពបុរសម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ទាំងអាក្រាតកាយ(ស្លៀកខោលីអូ) និងមានស្លាកស្នាមនៅលើរាងកាយ។
សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះឈ្មោះ ថន ហុកសេង ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនបុរី ហាយលែន (អ្នកបើកអេស្កាវ៉ាទ័រ) មានស្រុកកំណើតនៅភូមិប្រាសាទ ឃុំក្រាំងលៀវ ស្រុកបាទី ខេត្តតាកែវ ហើយបច្ចុប្បន្នស្នាក់នៅក្នុងក្រុមហ៊ុនខាងលើ។
បើតាមសមត្ថកិច្ចបញ្ជាក់ថា តាមការបំភ្លឺរបស់ឈ្មោះ វិន មុខរបរបុគ្គលិកក្រុមហ៊ុនជាមួយគ្នា បានឲ្យដឹងថា នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី១៤ ខែកក្កដា ខ្លួនមិនឃើញជនរងគ្រោះងើបពីគេងដើម្បីយកប្រេងទៅចាក់ អាអ៊ិច ដូចសព្វដង ដើម្បីចាប់ផ្តើមធ្វើការដូចរាល់ថ្ងៃ។ ពេលនោះ ខ្លួនក៏ដើររកជនរងគ្រោះរហូតដល់វាលស្រែ ហើយឮសំឡេងម្ចាស់ស្រែ (មិនស្គាល់ឈ្មោះ)ស្រែកហៅខ្លួនថា “នែ!មកមើលស្អីគេនៀក”។ លុះពេលខ្លួនដើរទៅមើល ទើបដឹងថា ជាជនរងគ្រោះ ត្រូវបានឆក់ខ្សែភ្លើង ដែលគេដាក់ឆក់សត្វកណ្តុរ ស្លាប់បាត់ទៅហើយ។
ក្រោយទទួលបានសេចក្ដីរាយការណ៍ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីធ្វើកោសល្យវិច្ច័យ ហើយសមត្ថកិច្ចជំនាញបានដាក់ការសង្ស័យថា ជាអំពើឃាតកម្ម ដែលសមត្ថកិច្ចនឹងបើកការស៊ើបអង្កេតជាបន្ទាន់ផងដែរ៕
មតិយោបល់