ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ទីផ្សារភាគហ៊ុនធ្លាក់ចុះ និងក្រុមហ៊ុនជាច្រើនត្រូវបិទទ្វារ បន្ទាប់ពីរញ្ជួយដីនៅភាគនិរតីនៅជប៉ុន

(តូក្យូ)៖ ទីផ្សារភាគហ៊ុនរបស់ប្រទេសជប៉ុន បានធ្លាក់ចុះ ៣ភាគរយនៅថ្ងៃចន្ទនេះ បន្ទាប់ពីគ្រោះ ធម្មជាតិរញ្ជួយដីផែនដីកម្រិត ៧,៣ រ៉ិចទ័របានវាយប្រហារតំបន់ឧស្សាហកម្មភាគនិរតីនៃប្រទេស ដែលបានបណ្តាលឲ្យមនុស្ស ៤២នាក់ស្លាប់ និង ក្រុមហ៊ុនព្រមទាំងរោងចក្រជាច្រើនបង្ខំចិត្តបិទទ្វារ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានសិង្ហបុរីនៅព្រឹកថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០១៦។

រហូតមកទល់នឹងពេលនេះ ក្រុមសង្គ្រោះដែលមានគ្នា ៣០,០០០នាក់ កំពុងតែជីកកកាយកម្ទេចកម្ទី ដើម្បីស្វែងរកមនុស្សដែលអាចនៅរស់រាន បន្ទាប់ពីលំនៅដ្ឋាន និង អគារដែលពួកគេស្នាក់នៅបានរលំ ជាច្រើនខ្នង។ វាជាគ្រោះរញ្ជួយដីធ្ងន់ធ្ងរមួយនៅក្បែរទីក្រុងរបស់ខេត្ត គូម៉ាម៉ូតូ នៃប្រជុំកោះគ្យូស៊ូ របស់ជប៉ុន កាលពីព្រឹកថ្ងៃសៅរ៍ សប្តាហ៍មុននេះ។

គួរបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ បានថ្លែងក្នុងសភាជាតិកាលពីព្រឹកថ្ងៃចន្ទ ដោយស្នើឲ្យមានការដាក់តំបន់រងគ្រោះខាងលើនេះ ជាតំបន់ដែលកើតមហន្តរាយជាបន្ទាន់ ដែលអាច ឲ្យរដ្ឋបញ្ចេញកម្លាំង និង ថវិកាជួយសង្គ្រោះឲ្យបានទាន់ពេលវេលា៕

photo_2016-04-18_10-35-48 photo_2016-04-18_10-35-51 photo_2016-04-18_10-35-50

មតិយោបល់