កណ្តាល៖ លោក លឹម សុគន្ថា បានប្រាប់ Post News ថា លោកនឹងរកយុត្តិធម៌ឱ្យខ្លួនឯងខណៈរូបលោកត្រូវបានអ្នកសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសារព័ត៌មាន និងបណ្តាញសង្គមហ្វេសប៊ុក បង្កាច់កេរ្តិ៍លោក ដោយចោទប្រកាន់លោកថា បានដោះលែងលោក នួន សាម៉េត ដោយខុសច្បាប់ ថែមទាំងអំពាវនាវឱ្យអង្គភាពប្រឆាំងអំពើពុករលួយ ស៊ើបអង្កេតលើរូបលោកថែមទៀតផង។ លោកថា លោកនឹងស្វែងរកភស្តុតាងប្តឹងអ្នកសារព័ត៌មានរូបណាដែលបានផ្សាយព័ត៌មានមិនពិតពីនីតិវិធីរបស់តុលាការ និងសមត្ថកិច្ច ហើយថែមទាំងមិនសួរភាគីលោកជាព្រះរាជអាជ្ញាទេ ពោលគឺផ្សាយដោយស្តាប់តែភាគីម្ខាងតែប៉ុណ្ណោះ។ លោកបន្តថា ការប្តឹងអ្នកសារព័ត៌មានណាដែលផ្សាយព័ត៌មានមិនពិតនោះគឺក្នុងគោលបំណងចង់ឱ្យអ្នកសារព័ត៌មានរូបនោះបង្ហាញភសត្តុតាងជាក់ច្បាស់ថា លោកបានទទួលលុយសំណូកពីលោក នួន សាម៉េត ប៉ន្មាន? កុំឱ្យមហាជនមានការភ័នច្រលំលើរូបលោកថា លោកធ្វើការមិនគោរពច្បាប់។
លោក លឹម សុគន្ធា ថា លោកពិតជាបានអនុញ្ញាតឱ្យលោក នួន សាម៉េត អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ត្រលប់ទៅផ្ទះជាបណ្តោះអាសន្នប្រាកដមែន ប៉ុន្តែលោកថា ការអនុញ្ញាតនេះមិនមែនមានន័យថា សំណុំរឿងនេះបានបិទបញ្ចប់នោះទេ ពោលគឺសមត្ថកិច្ច និងស្ថាប័នអយ្យការកំពុងតែបន្តការស្រាវជ្រាវលើសំណុំរឿងនេះបន្ថែមទៀត។ លោកព្រះរាជអាជ្ញាបានបង្ហាញពីមូលហេតុនៃការអនុញ្ញាតឱ្យលោក នួន សាម៉េត បាននៅក្រៅឃុំជាបណ្តោះអាសន្ននេះថា៖
1. យោងតាមរបាយការណ៍របស់សមត្ថកិច្ចដែលបានបញ្ជាក់ថា រថយន្តម៉ាកឡង់គ្រីសឺរបស់លោក នួន សាម៉េត ត្រូវបានរថយន្តធុនធំដឹកហ្គាសមួយគ្រឿងទៀតបុកបែកកង់ ទើបរថយន្តលោក នួន សាម៉េត ជ្រុលទៅបុកជនរងគ្រោះស្លាប់ ដូច្នេះរថយន្តលោក នួន សាម៉េត ក៏រងគ្រោះដែរបើយោងតាមរបាយការណ៍សមត្ថកិច្ច
2. លោក នួន សាម៉េត បានតំកល់ប្រាក់ចំនួន ៥,៥០០ដុល្លារ ដើម្បីសំណុំនៅក្រៅឃុំជាបណ្តោះអាសន្ន ហើយប្រាក់នោះនឹងអាចក្លាយជាសំណងទៅឱ្យជនរងគ្រោះប្រសិនបើតុលាការរកឃើញថាលោក នួន សាម៉េត ពិតជាជនបង្កក្នុងគ្រោះថ្នាក់ចរាចរណ៍នោះ
3. លោក នួន សាម៉េត បានធ្វើកិច្ចសន្យាចំពោះមុខសមត្ថកិច្ច និងតំណាងអយ្យការថា លោក នឹងចូលខ្លួនមកតាមការកោះហៅរបស់តុលាការជានិច្ច នៅពេលតុលាការត្រូវការ។ ហើយលោកក៏មានទីលំនៅដែលមានអសយដ្ឋានច្បាស់លាស់ផងដែរ។
លោក លឹម សុគន្ថា បានបញ្ជាក់ថា ករណីលោក នួន សាម៉េត នេះតុលាការនៅតែមានសិទ្ធឃុំខ្លួនប្រសិនបើការស្រាវជ្រាវស៊ើបអង្កេតរបស់តុលាការរកឃើញថា លោក នួន សាម៉េត ជាអ្នកខុស ប៉ុន្តែបើតុលាការរកឃើញថា ភាគីណាផ្សេងជាអ្នកខុសនោះ គឺលោក នួន សាម៉េត ក៏នឹងទទួលបានយុត្តិធម៌ពីតុលាការផងដែរ។
គួររំឮកថា កាលពីរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ កន្លងទៅ មានរថយន្តម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ 2Z.8899 ដែលគេដឹងថា ជារបស់លោក នួន សាម៉េត ភេទប្រុស អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌ័ចំកាមន រាជធានីភ្នំពេញ បានជ្រុលចង្កូតបុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1FG.1204 បណ្តាលឲ្យជនរងគ្រោះជាប្តី ឈ្មោះមិត្ត សុធា ភេទប្រុសអាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិត្រពាំងធំ ឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង (ស្លាប់នៅកន្លែងកើតហេតុ) រីឯប្រពន្ធ (មិនដឹងឈ្មោះ) បានស្លាប់ពេលបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដែលគ្រោះថ្នាក់ចរាចរនេះ កើតឡើងនៅចំណុចគីឡូម៉ែត្រ១២ និង២២ ត្រង់ចំណុចភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ បច្ចុប្បន្ន រថយន្តរបស់ លោកនួន សាម៉េត និងម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ៕
មតិយោបល់