ភ្នំពេញៈ មន្ត្រីគយថ្នាក់ប្រធានការិយាល័យមួយរូប ដែលអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ ACU ចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញនោះ ត្រូវបានប្រភពអះអាងពីអត្តសញ្ញាណហើយ គឺជាប្រធានការិយាល័យ នៃការិយាល័យវិនិយោគមិនមែនកាត់ដេរ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
បើតាមប្រភពបានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួនដោយ ACU នោះ មានឈ្មោះ អ៊ឹង ជាវែង មានតួនាទីជា ប្រធានការិយាល័យវិនិយោគមិនមែនកាត់ដេរ និងជាជំនួយការអគ្គនាយដ្ឋាន នៃអគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា។
គួរជម្រាបថា ប្រភពព័ត៌មានផ្លូវការ បានបង្ហើប្រាប់ Post News ឲ្យដឹងថា មន្ត្រីគយមានឋានៈប្រធានការិយាល័យម្នាក់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាប់ខ្លួនកាលពីម៉ោង៧យប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ។
ប្រភពដដែលក៏បញ្ជាក់ថា នៅរសៀលថ្ងៃទី១៥ ខែកក្កដានេះ ជនសង្ស័យដែលជាមន្ត្រីគយរូបនេះ នឹងត្រូវ អង្គភាពប្រឆាំងអំពើពុករលួយ បញ្ចូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរជាផ្លូវការផងដែរ។
បើតាមការអះអាងរបស់ប្រភព ការចាប់ខ្លួនជនសង្ស័យ អ៊ឹង ជាវែង ប្រធានការិយាល័យវិនិយោគមិនមែនកាត់ដេរ និងជាជំនួយការអគ្គនាយដ្ឋាន នៃអគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា ខាងលើនេះ គឺជាប់ពាក់ព័ន្ធអំពើពុករលួយ៕
មតិយោបល់