ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ឱម យ៉ិនទៀង៖ នឹងបញ្ជូនជនសង្ស័យប្រធានការិយាល័យ អ៊ឹង ជាវេង ទៅតុលាការនៅរសៀលនេះ

ភ្នំពេញៈ ក្រោយការឃាត់ខ្លួនមន្ត្រីគយថ្នាក់ប្រធានការិយាល័យជិត២ថ្ងៃ ដោយស្ងាត់ៗ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានប្រាប់ឲ្យដឹងថា ប្រធានការិយាល័យ នៃការិយាល័យវិនិយោគមិនមែនកាត់ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងត្រូវបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦នេះហើយ ដើម្បីធ្វើការសាកសួរ។

លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឲ្យ Post News ដឹងថា លោក អ៊ឹង ជាវែង មានតួនាទីជាប្រធានការិយាល័យវិនិយោគមិនមែនកាត់ដេរ និងជាជំនួយការអគ្គនាយដ្ឋាន នៃអគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងអាចត្រូវបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី១៥ កក្កដានេះ។ លោកថា “រសៀលនេះ នឹងអាចបញ្ជូនជនសង្ស័យ លោកប្រធានការិយាល័យ អ៊ឹង ជាវេង ដែលអង្គភាពបានតាមនាំខ្លួន និងឃាត់ខ្លួនទៅតុលាការ”

ប្រភពព័ត៌មានផ្លូវការឲ្យដឹងថា លោក អ៊ឹង ជាវែង មានតួនាទីជា ប្រធានការិយាល័យវិនិយោគមិនមែនកាត់ដេរ និងជាជំនួយការអគ្គនាយដ្ឋាន នៃអគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាប់ខ្លួនកាលពីម៉ោង៧យប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ។

បើតាមការអះអាងរបស់ប្រភព ការចាប់ខ្លួនជនសង្ស័យ អ៊ឹង ជាវែង ប្រធានការិយាល័យវិនិយោគមិនមែនកាត់ដេរ និងជាជំនួយការអគ្គនាយដ្ឋាន នៃអគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា ខាងលើនេះ គឺជាប់ពាក់ព័ន្ធអំពើពុករលួយ ប៉ុន្តែប្រភពមិនអាចបញ្ជាក់ឲ្យដឹងថា ជាអំពើពុករលួយលើរឿងអ្វីឲ្យប្រាកដឡើយ៕

មតិយោបល់