ភ្នំពេញៈ បើតាមការបញ្ជាក់ពីភរិយារបស់លោក ថោង សារ៉ាត់ បានបញ្ជាក់ប្រាប់ Post News ថា ប្ដីរបស់គាត់មិនអាចចូលសវនការជំនុំជម្រះតាមការគ្រោងទុករបស់តុលាការបានទេ នាព្រឹកថ្ងៃទី១៥ ខែកក្កដានេះ ដោយសារប្ដីរបស់គាត់មានជំងឺលើឈាម ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ការអះអាងនេះ គឺបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ គ្រោងនឹងបើកសវនការលើអង្គសេចក្ដី ដើម្បីជំនុំជម្រះទោសអតីតឧកញ៉ា យោធាផ្កាយ២ រូបនេះ លើករណីឃាតកម្មបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ។
លោកស្រី ទាវ ធីតា ប្រពន្ធរបស់លោក ថោង សារ៉ាត់ បានឲ្យដឹងថា ប្តីគាត់មិនអាចចូលសវនាការបានទេនាព្រឹកនេះ ព្រោះតែជំងឺលើសឈាម សម្រាកព្យាបាលនៅមន្ទីរពេទ្យ ដែលមកទល់នឹងពេលនេះសភាពជំងឺរបស់គាត់ (ថោង សារ៉ាត់) កំពុងស្ថិតក្នុងការតាមដានរបស់ក្រុមគ្រូពេទ្យ។ ទោះជាយ៉ាងណា លោកស្រី មិនបានបញ្ជាក់ថាប្ដីរបស់ខ្លួនកំពុងសម្រាកនៅមន្ទីរពេទ្យណាឡើយ។
តាមសេចក្តីជូនដំណឹងរបស់សាលាដំបូងរាជធានីភ្នំពេញ តុលាការនឹងធ្វើការបើកសវនាការលើអង្គសេចក្តី ដើម្បីជំនុំជម្រះទោសអតីតឧកញ៉ាយោធាផ្កាយ២ ថោង សារ៉ាត់ និងអង្គរក្សចំនួន៥នាក់ (ស្លាប់ម្នាក់) នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦នេះ។
សមសភាពចៅក្រម និងតំណាងអយ្យការ ដែលត្រូវចូលរួមនៅក្នុងអង្គសវនាការនាព្រឹកនេះ រួមមាន ទី១ លោក តុប ឈុនហេង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ ទី២ លោក ម៉េង តូនី ជាចៅក្រមប្រឹក្សា ទី៣ លោក ហេង កេសរោ ជាចៅក្រមប្រឹក្សា និងទី៤លោក ហ៊ឹង ប៊ុនថន ជាតំណាងអយ្យការ។
ដោយឡែកជនជាប់ចោទដែលនឹងត្រូវឈរនៅក្នុងរង្វង់ក្រចកសេះ ដើម្បីឲ្យតុលាការវិនិច្ឆ័យសេចក្តីនោះរួមមាន ទី១ឈ្មោះ ថោង សារ៉ាត់ ភេទប្រុស អាយុ៣៨ឆ្នាំ ថៅកែក្រុមហ៊ុន៩៩៩ ជាប់ចោទពីបទ ផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន ទី២ឈ្មោះ សៀង វាសនា ភេទប្រុស អាយុ៤៤ឆ្នាំ និងទី៣ឈ្មោះ លី សៅ ហៅវី ភេទប្រុស អាយុ៤២ឆ្នាំ (ស្លាប់) ទាំងពីរនាក់ ជាប់ចោទពីបទ ឃាតកម្មគិតទុកជាមុន។ រីឯឈ្មោះ កូយ ចាន់ថុល ភេទប្រុស អាយុ២៩ឆ្នាំ ទី៥ឈ្មោះ មាស សម្បត្តិ ភេទប្រុស អាយុ២៧ឆ្នាំ និងទី៦ឈ្មោះ ឈុន ចិត្រា ភេទប្រុស ជាប់ចោទពីបទសមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន។
ចំណែកជនរងគ្រោះមានឈ្មោះ អ៊ឹង ម៉េងជឺ ថៅកែក្រុមហ៊ុន ស៊ីម៉ងតិ៍ត្បូងពេជ្រ ត្រូវឃាតករបាញ់សម្លាប់ កាលពីម៉ោងប្រាមាណជាង៧ល្ងាច ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងទៅ។
គួររំឭកថា ជនជាប់ចោទឈ្មោះ ថោង សារ៉ាត់ និងឈ្មោះ ថោង ចំរើន (ជាឪពុក) និងឈ្មោះ កែវ សារី (ជាម្តាយ) ក៏ធ្លាប់ត្រូវបានលោក ឃី ឆៃ ចៅក្រមសាលារាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំ ទៅ២ឆ្នាំកន្លះ និងពិន័យជាប្រាក់ក្នុងម្នាក់ៗ៦លានរៀល ចូលជាថវិការដ្ឋ ក្រោមបទចោទប្រកាន់កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត យោងតាមមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ៕
មតិយោបល់