(ភ្នំពេញ)៖ដើម្បីឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុ គ្រោះរាំងស្ងួតដែលកំពុង កើតឡើងនៅតំបន់មួយចំនួន នៅខេត្តបន្ទាយមានជ័យ លោករដ្ឋមន្ត្រីក្រសួងធនធានទឹក បានបញ្ជាឲ្យក្រុមការងារចុះធ្វើការសិក្សា និងលើកគម្រោងស្តារឡើងវិញជាបន្ទាន់ ដោយចាប់ផ្តើមនៅថ្ងៃទី១៨មេសានេះ ។
លោក ចាន់ យុត្ថា នាយកខុទ្ទកាល័យ ក្រសួងធនធានទឹកដែលដឹកនាំក្រុមការងារចុះធ្វើការសិក្សា និងលើកគម្រោងស្តារឡើងវិញជាបន្ទាន់ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីអំឡុងពេលចូលឆ្នាំ បានមានប្រសាសន៏ឲ្យដឹងថា ដោយសារ ការប្រែប្រួលអាកាសធាតុ បានធ្វើឲ្យតំបន់មួយចំនួនប្រឈមនឹងកង្វះខាតទឹកប្រើប្រាស់ ពិសេសស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
លោកបន្តថា ឆ្លើយតបនឹងការប្រឈមនេះ លោកលឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក បានបញ្ជាឲ្យលោក ដឹងនាំ ក្រុមការងារចុះធ្វើការសិក្សា និងលើកគម្រោងស្តារឡើងវិញជាបន្ទាន់នៅក្នុងតំបន់នោះរួមមាន៖ ១.ការងារស្តារកំណាត់ស្ទឹងស្វាយចេក ដែលមានប្រវែងជាង ១៦គីឡូម៉ែត្រ ដើម្បីត្រៀមដោះទឹកជំនន់ផង និងស្តុកទឹកទុកប្រើប្រាស់ផង និង២.ស្តារឡើងវិញនូវបណ្តាអាងទឹកមួយចំនួន ដើម្បីរក្សាទឹកទុកជូនបងប្អូននៅក្នុងស្រុកស្វាយចេក ប្រើប្រាស់។
នាយកខុទ្ទកាល័យរូបនោះបញ្ជាក់ថា ការងារមន្ទីរនិងក្រសួង នឹងផ្តើ អនុវត្តចាប់ពី ថ្ងៃទី១៨ ខែមេសានេះ ។ សូមរំលឹកថា ឆ្នាំ២០១៦នេះ ជាឆ្នាំដែលមាន ការប្រែប្រួលអាកាសធាតុខ្លាំង ធ្វើឲ្យ តំបន់មួយចំនួនទៀត កំពុងជួបបញ្ហាប្រឈមនឹងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ជាពិសេសប្រជាពលរដ្ឋដែលធ្វើដំណាំស្រូវប្រាំងចុងរដូវ។ ហើយអាកាសធាតុនៅក្នុងឆ្នាំថ្មីនេះ បានឡើងកំដៅរហូតដល់ជុំវិញ ៤០អង្សាសេ៕
មតិយោបល់