ភ្នំពេញៈ ភ្នាក់ងារ Post News ប្រចាំស្ថាប័នតុលាការ បានរាយការណ៍មកថា នៅមុននេះ១០នាទី ពោល គឺនៅវេលាម៉ោង៥៖៥៥នាទី ល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦នេះ លោក អ៊ឹង ជាវែង ប្រធានការិយាល័យវិនិយោគមិនមែនកាត់ដេរ និងជាជំនួយការអគ្គនាយដ្ឋាន នៃអគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលជាជនសង្ស័យពាក់ព័ន្ធនឹងអំពើពុករលួយ ត្រូវបានកម្លាំងសមត្ថកិច្ច ACU បញ្ជូនទៅដល់តុលាការហើយ ដោយពេលនេះ កំពុងស្ថិតក្នុងការសួរគម្រប់កិច្ច។
លោក លី សុផាន់ណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានជូនដំណឹងតាមបណ្ដាញសង្គម Telegram នៅម៉ោង៦៖០១នាទីល្ងាចនេះថា “អយ្យការបានទទួលសំណុំរឿង និងជនសង្ស័យ ដែលបញ្ជូនមកពីអង្គភាពប្រឆាំងអំពើពុករលួយ ហើយកំពុងបំពេញបែបបទ និងពិនិត្យឯកសារ រួមទាំងភស្តុតាងនៅក្នុងសំណុំរឿង”។ លោកបន្តថា លោកព្រះរាជអាជ្ញារង ហោ លីណា អ្នកទទួលចាត់ការលើសំណុំរឿងនេះ។
ប្រភពពីតុលាការ បានឲ្យដឹងថា ជនសង្ស័យ នឹងត្រូវបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ម្ដងទៀតនៅថ្ងៃស្អែក ដើម្បីធ្វើការសាកសួរ និងចោទប្រកាន់តាមផ្លូវច្បាប់។ “ក្រោយពីបានទទួលសំណុំរឿង និងពិនិត្យឯកសារសំណុំរឿង តំណាងអយ្យការបានសម្រេចរក្សាជនសង្ស័យនៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីបន្តនីតិវិធី និងសួរចម្លើយជនល្មើសនៅថ្ងៃស្អែកបន្តទៀត”។ លោក លី សុផាន់ណា បញ្ជាក់។
ប្រភពដដែលបន្តថា ជនសង្ស័យត្រូវបានបញ្ជូនចេញពីសាលាដំបូង ទៅ ACU វិញនៅវេលាម៉ោង៦៖៣៥នាទី ព្រលប់ថ្ងៃទី១៥ កក្កដានេះ។
គួរជម្រាបថា ជនសង្ស័យ អ៊ឹង ជាវែង ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ ACU ចាប់ខ្លួនកាលពីម៉ោង៧យប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ។ តាមការអះអាងរបស់ប្រភពផ្លូវការ ការចាប់ខ្លួនជនសង្ស័យខាងលើនេះ គឺជាប់ពាក់ព័ន្ធអំពើពុករលួយ ប៉ុន្តែប្រភពមិនអាចបញ្ជាក់ឲ្យដឹងថា ជាអំពើពុករលួយលើរឿងអ្វីឲ្យប្រាកដឡើយ៕
មតិយោបល់